រដ្ឋលេខាធិការសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា ថាការចូលរួមរបស់ជនមានពិការភាពជាមួយអាជ្ញាធរនៅថ្នាក់ក្រោមជាតិ គឺបង្ហាញពីភាពជោគជ័យនៃការធ្វើបរិយាន្ន!


ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ការអនុវត្តផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់ជនមានពិការភាព និងឧបករណ៍ស្វែងរកការគាំទ្រ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ តំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា បានលើកទឹកចិត្តដល់ជនមានពិការភាពនៅតាមមូលដ្ឋាន និងសហគមន៍ចូលរួមលើកកម្ពស់សិទ្ធិដែលចែងក្នុងច្បាប់និងអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងធ្វើការសហការណ៍ជាមួយអាជ្ញាធរនៅមូលដ្ឋាន ដើម្បីបញ្ជៀបការយល់ដឹងនិងធ្វើបរិយាន្នពិការភាពក្នុងកម្មវិធីអភិវឌ្ឍឃុំ /សង្កាត់។
រដ្ឋលេខាធិការសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានចាត់ទុកការវត្តមានរបស់ជនមានពិការភាពក្នុងផ្តល់មតិយោបល់ដល់អាជ្ញាធរគឺជាកិច្ចការសំខាន់មិនអាចខ្វះបាន។ ឯកឧត្តម ឯម ច័ន្ទមករា បានសង្កត់ធ្ងន់ថា មានតែជនមានពិការភាពខ្លួនឯងទេយើងដឹង ហើយយល់ច្បាស់ពីការលំបាកនៃពិការភាព។
ថ្លែងទៅកាន់ជនមានពិការភាពប្រមាណជាង៥០ រដ្ឋលេខាធិការសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បង្ហាញជំហរនៃការគាំទ្រដល់អង្គការដែលដឹកនាំដោយជនមានពិការ បន្តការចូលរួមលើកស្ទួយសុខមាលភាពជនមានពិការភាពនៅតាមសហគមន៍ ហើយបំផុសឱ្យគ្រួសារដែលមានកូន ក្មួយ ឬចៅបញ្ចូនទៅសាលារៀនដើម្បីបង្កើនធនធានមនុស្សឱ្យបានកាន់ច្រើន បើទោះបីជាពួកគេមានពិការភាពក៏ដោយ។
ឯកឧត្តម ឯម ច័ន្ទមករា បានបន្តទៀតថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានសុខសន្តិភាពយ៉ាងពេញលេញ ក្រោមការដឹកនាំដែលមានការទទួលខុសត្រូវខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ គ្រប់វិស័យទាំងអស់មានការរីកចម្រើន ក្នុងនោះរួមមានវិស័យពិការភាព។ ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា លើកទឹកចិត្តដល់អង្គការដែលធ្វើការតស៊ូមតិប្រែមកចាប់ដៃគូរជាមួយរដ្ឋាភិបាល ហើយជួយដោះស្រាយស្ថានភាពរស់នៅជាក់ស្តែងរបស់ជនមានពិការឱ្យមានជីវភាពរស់នៅសមរម្យប្រសើរជាង។
ឯកឧត្តម ឯម ច័ន្ទមករា បានសង្កត់ធ្ងន់ថាស្រុកទេសមានសន្តិភាពគឺប្រជាជនរស់នៅដោយសុភមង្គល គ្មានការភ័យខ្លាច រត់គេចពីគ្រាប់កាំភ្លើងឬគ្រាប់រំសេវ។ល។ ដូច្នេះបច្ចុប្បន្នជនមានពិការភាពមានសិទ្ធិពេញ អាចធ្វើអ្វីៗបានទាំងអស់ស្របច្បាប់ ហើយការតស៊ូមតិនាពេលបច្ចុប្បន្នមានលក្ខណៈទំនើប ពោលគឺបែប e-advocate ការតស៊ូមតិបែបអេឡិចត្រូនិច ទំនើបភាវូបនីយកម្ម។
ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងអំណរគុណចំពោះជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខនិងសុខមាលភាពរបស់បងប្អូនជនមានពិការភាពពិតប្រាកដ៕
\