តំណាងស្តីទីអង្គការ UNFPA ប្រចាំនៅកម្ពុជា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ចាំបាច់ សម្រាប់ស្ត្រីនិងកុមារ ក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ១៩ ជូនដល់ក្រសួងកិច្ចការនារី


លោកបណ្ឌិត ដាញែល អាល់ឡឺម៉ុយ តំណាងស្តីទីអង្គការ UNFPA ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ចាំបាច់ សម្រាប់ស្ត្រីនិងកុមារ ក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ១៩ ជូនដល់ក្រសួងកិច្ចការនារី ដើម្បីឲ្យក្រសួងបន្តចែកជូនដល់ស្ត្រី និងក្មេងស្រីក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩។
ក្រោយពីបញ្ចប់ជំនួប រវាងលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកបណ្ឌិត ដាញែល និងពិធីប្រគល់-ទទួលអំណោយ នាទីស្តីការក្រសួង, លោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា អំណោយដែលទទួលបាននារសៀលនេះ មានចំនួន៧០០កញ្ចប់ ដែលក្រសួងនឹងបន្តចែកទៅកាន់ មន្ទីរកិច្ចការនារី នៅខេត្តចំនួន៨ ដើម្បីប្រគល់ជូនដល់ដៃស្ត្រី និងក្មេងស្រីក្រីក្រ មិនមានលទ្ធភាពក្នុងការទិញសម្ភារៈប្រើប្រាស់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នេះ។
គួរជម្រាបថា នេះគឺជាលើកទី២ហើយ ដែលក្រសួងកិច្ចការនារី បានទទួលអំណោយ ជាសម្ភារៈប្រើប្រាស់ចាំបាច់ សម្រាប់ស្ត្រីនិងកុមារ ក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ១៩ ពីអង្គការ UNFPA ខណៈលើកទី១ បានទទួលនៅក្នុងឆ្នាំ២០២០ ចំនួន៤០០កញ្ចប់ ដែលបានចែកជូនដល់ខេត្តគោលដៅចំនួន៨៕