សម្តេចតេជោ ហ៊ុន សែន អបអរសាទរកីឡាការិនីមេដាយមាស អ៊ុក ស្រីមុំ


នៅរសៀលថ្ងៃទី២០ ខែមេសា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសដល់កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ ដែលបានឈ្នះមេដាយមាសពិភពលោកនៅទីក្រុង Ghent ប្រចាំឆ្នាំ២០១៧ និងកីឡាករកីឡាការិនីមួយចំនួនទៀតបានជួបនៅវិមានសន្តិភាព។ សម្តេចតេជោ បានអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំងដល់កីឡាការិនី អ៊ុក ស្រីមុំ ដែលបានឈ្នះមេដាយមាសពីការប្រកួតលំដាប់ពិភពលោក World Championship Petaque 2017 នៅប្រទេសបែលហ្ស៊ិក។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់គ្រូបង្វឹក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំយុវជននិងកីឡា និងសហព័ន្ឋកីឡាប៉េតង់កម្ពុជា ដែលបានខិតខំប្រឹងប្រែងហ្វឹកហ្វឺនកីឡាករ និងបានលើកកម្ពស់កីឡាប៉េតង់កម្ពុជារហូតទទួលបានមេដាយមាសនៅពេលនេះ ដែលជាមោទនៈភាពរបស់កម្ពុជាយើងទាំងមូល។
តាមពិតទៅគឺក្រុមកីឡាប៉េតង់កម្ពុជា បានដណ្ដើមមេដាយ ២គ្រឿងពីព្រឹត្តិការណ៍ Championship Petaque 2017 នៅទីក្រុង Ghent ប្រទេសបែលហ្ស៊ិក ក្នុងនោះមានមេដាយមាស ១គ្រឿង ដែលដណ្ដើមបានដោយកីឡាការិនី អ៊ុក ស្រីមុំ លើវិញ្ញាសាវាយ ឯកត្តជននារី ក្រោយប្រកួតឈ្នះកីឡាការិនីទុយណេស៊ី Mouna BEJI ១៣-៧ពិន្ទុ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកមេដាយប្រាក់ គឺដណ្ដើមបានលើវិញ្ញាសាវាយគូចម្រុះ បន្ទាប់ពីកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម ចាប់គូប្រកួត វគ្គផ្ដាច់ព្រ័ត្រ ដោយចាញ់ក្រុមកីឡាប៉េតង់ទុយនេស៊ីវិញ ដោយលទ្ធផល ១៣-៧ពិន្ទុ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តែងតែគាំទ្រ និងលើកទឹកចិត្តកីឡាករកីឡាការិនី ទោះក្នុងស្ថានភាពណាក៏ដោយ។ កន្លងមក នៅក្នុងពេលប្រកួតជាលក្ខណៈអន្តរជាតិម្តងៗ រួមទាំងការ ប្រកួតកីឡាប្រដាល់នៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍ក្តី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់ការឧបត្ថម្ភជាប្រាក់កាសទោះបីឈ្នះប្ញចាញ់ក្តី។សម្តេចតេជោ បានជំរុញអោយកីឡាករទាំងអស់យកចិត្តទុកដាក់ ជាពិសេសក្នុងពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាប៉េតង់នៅឆ្នាំ ២០១៩ ខាងមុខនេះ។
កីឡាការិនី អ៊ុក ស្រីមុំ គឺជាស្រ្ដីខ្មែរទី២ ដែលដណ្ដើមបានមេដាយមាសផ្នែកកីឡាប៉េតង់ពិភពលោក បន្ទាប់ពីវីរកីឡាការិនី កែវ ឡេង ដែលដណ្ដើមបានមេដាយមាសលើវិញ្ញាសា វាយឯកត្តជននារីចំនួន ២លើកជាប់គ្នា កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥។ លើសពីនេះ កីឡាករ សុខ ចាន់មាន ក៏ធ្លាប់ដណ្ដើមបានមេដាយមាសពិភពលោក កាលពីឆ្នាំ២០១៦កន្លងទៅផងដែរ។ ដោយសារប្រទេសមានសន្តិភាព គឺបានផ្តល់ឱកាសដល់កីឡាករគ្រប់ប្រភេទបានហាត់ហ្វឹកហ្វឺន និងចេញទៅប្រកួតនៅក្រៅប្រទេសហើយបាននាំមកនូវមេដាយមាសទាំងក្នុងការប្រកួតកម្រិតតំបន់ កម្រិតស៊ីហ្គេម និងក្នុងកម្រិតពិភពលោក។
ចំពោះប្រាក់រង្វាន់នៃជ័យលាភីថ្ងៃនេះ គឺកីឡាការិនី អ៊ុក ស្រីមុំ បានទទួលថវិកាពីរដ្ឋចំនួន១២០លានរៀល ព្រមទាំងថវិកាឧបត្ថម្ភផ្ទាល់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន១ម៉ឺនដុល្លារថែមទៀត។ ចំពោះគ្រូបង្វឹកគឺទទួលបាន១២០លានរៀល បូកនឹងថវិកាឧបត្ថម្ភរបស់ សម្តេចតេជោ និងសម្តេចកិត្តិ ៣,០០០ដុល្លារថែមទៀត។ ចំណែកឯកីឡាករ កីឡាការិនីដែលឈ្នះមេដាយប្រាក់២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៨០លានរៀល បូកនឹងថវិកាឧបត្ថម្ភរបស់ សម្តេចតេជោ និងសម្តេចកិត្តិ ២,០០០ ដុល្លារថែមទៀត។ សម្តេចតេជោ និងសម្តេចកិត្តិ ក៏បានឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករ កីឡាការិនីដែលបានរួមដំណើរទៅជាមួយដែរ គឺក្នុងម្នាក់ៗទទួលបាន១ពាន់ដុល្លារផងដែរ។
មុននឹងបិទកម្មវិធី សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសអញ្ជើញប្រគល់ពានរង្វាន់ដល់ជ័យលាភី ព្រមទាំងបានបំពាក់គ្រឿងឥស្សរិយស និងថតរូបអនុស្សាវរីយ៍ជាមួយកីឡាករ កីឡាការិនី និងគ្រូបង្វឹក ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕