ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតព្រឹទ្ធសភាក្នុងខណ្ឌព្រែកព្នៅ


នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអង្គបោះឆ្នោតព្រឹទ្ធសភា ក្នុងខណ្ឌព្រែកព្នៅ ដោយមានសមាជិកក្រុមប្រឹក្សាសង្កាត់ចូលរួមចំនួន ៣៤រូប រួមជាមួយនឹងប្រធានក្រុមប្រឹក្សាខណ្ឌ លោកអភិបាល អភិបាលរង និងថ្នាក់ដឹកនាំខណ្ឌ នៅសាលាខណ្ឌព្រែកព្នៅ រាជធានីធានីភ្នំពេញ។
បន្ទាប់ពីលោកអភិបាលខណ្ឌព្រែកព្នៅរាយការណ៍អំពី លទ្ធផលជាវិជ្ជមាន និងការសេសសល់នៃការធ្វើសមាហរណកម្មការិយាល័យជំនាញទាំង១១ រួចមក ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អនុប្រធានទី១ព្រឹទ្ធសភា បានផ្តល់អនុសាសន៍អំពីទិសដៅការងារមួយចំនួន ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២៕