សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា(The Church of Jesus Christ of Latter-day Saints) ស្វែងរកការគាំទ្រពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការចុះជួយអ្នកស្រុកកោះធំលើផ្នែកសេវាថែមទាំសុខភាពបឋម ការសង្គ្រោះបន្ទាន់ ទឹកស្អាត អនាម័យ និងការអប់រំ


ថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានជួប ពិភាក្សាការងារជាមួយសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា (The Church of Jesus Christ of Latter-day Saints) ដឹកនាំដោយ លោក Ith Vichit ប្រធានគណៈប្រតិភូសមាគម និងលោក Sea Samnang ប្រធានសមាគម រួមជាមួយនឹងប្រតិភូអមដំណើររួមមាន៖ បណ្ឌិត Warner នាយកគម្រោងវេជ្ជសាស្ត្ររបស់សមាគម លោក Elder Stone នាយកទទួលបន្ទុកការងារមនុស្សធម៌ លោក Long Saret នាយកគម្រោងវេជ្ជសាស្ត្រ និងលោក Reath Chansophea នាយកគម្រោងមនុស្សធម៌ផងដែរ។
ជំនួបពិភាក្សានេះមានគោលបំណងស្វែងរកការគាំទ្រពីឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងការចុះជួយអ្នកស្រុក កោះធំ ដែលមានតម្រូវការចាំបាច់លើផ្នែកសេវាថែមទាំសុខភាពបឋម ការសង្គ្រោះបន្ទាន់ ទឹកស្អាត អនាម័យ និងការអប់រំ ជាពិសេសដើម្បីលើកកម្ពស់ការថែទាំសុខភាពរបស់អ្នកស្រុកកោះធំ នៅតាមមណ្ឌលសុខភាពនានារបស់ស្រុកនេះ ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
គណៈប្រតិភូបានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីអំពីសមិទ្ធផលសំខាន់ៗសម្រេចបានរបស់សមាគម ក្នុងការជួយលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលក្នុងនោះសមាគមបានធ្វើប្រតិបត្តិការ របស់ខ្លួនប្រកបដោយជោគជ័យនៅតាមបណ្តាស្រុកមួយចំនួននៅកម្ពុជាក្នុងនោះរួមមាន៖ ស្រុកល្វាឯម ស្រុកខ្សាច់កណ្ដាល ស្រុកទន្លេបាទី ស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកបាធាយ ស្រុកព្រៃឈរ ស្រុក កំពង់សៀម និងស្រុកកោះសូទិនជាដើម។
សូមជម្រាបជូនថា៖ គណៈប្រតិភូសមាគមនេះនឹងអញ្ជើញបំពេញទស្សនកិច្ចស្រុកកោះធំនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ តបតាមការអញ្ជើញរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋស្រុកកោះធំ និងជិះកង់សាកសួរសុខទុក្ខអ្នកស្រុកកោះធំ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានជិតស្និទ្ធ ជាពិសេសស្វែងយល់អំពីការលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកកោះធំនៅតាមមូលដ្ឋានថាតើមានការរីកចម្រើនដល់កម្រិតណា។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីសមិទ្ធផលសំខាន់ៗ សម្រេចបានរបស់អ្នកស្រុកកោះធំ ទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបានគូសបញ្ជាក់ថា៖ គិតរហូតមកទល់ពេលនេះ ឃុំស្ទើរតែទាំងអស់នៃស្រុកកោះធំ មានការអភិវឌ្ឍច្រើនក្នុងនោះរួមមាន៖ ផ្លូវបេតុងខ្វាត់ខ្វែង ស្ពាន និងភ្លើងបំភ្លឺផ្លូវជាដើម។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងប្រទេសជាតិពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់ វិស័យ តាមរយៈការបង្រួបបង្រួមជាតិ ឯកភាពជាតិ សន្តិភាព ស្ថិរភាពនយោបាយ និង រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលជាមូលដ្ឋានដ៏រឹងមាំ មិនអាចខ្វះបានសម្រាប់ទ្រទ្រង់លើកកម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់សមាគមដែលបានខិតខំប្រឹងប្រែង ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកច្រើន ជាពិសេស ចូលរួមអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល៕