សម្តេច សាយ ឈុំ ដឹកនាំសម័យប្រជុំ ព្រឹទ្ធសភា


ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៧ វេលាម៉ោង ០៨:00 នាទី នៅវិមានព្រឹទ្ធសភា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ លើកទី១០ នីតិកាលទី៣ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានវត្តមាន សមាជិក សមាជិកា ព្រឹទ្ធសភា ចំនួន៥២រូប ចូលរួម និងមានរបៀបវារៈ៖
១- ពិនិត្យ និង ឲ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី លក្ខន្តិកៈមន្ត្រីរាជការ នៃក្រុមនីតិប្បញ្ញតិ្ត។
២- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើ វិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ។
-តំណាងតំណាងរាស្រ្តហត្ថលេខី ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ូ ស៊ីរ អមដោយសមាជិក សមាជិការ រដ្ឋសភា ០៤រូប រួមជាមួយអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា ចូលការពារសេចក្តីស្នើច្បាប់ ក្នុងរបៀបវារៈ ទី១.
-តំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម កឹម ស៊ីថន និងឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម អមដោយមន្ត្រីជាន់ខ្ពស់ និងមន្រ្តីជំនាញ ចំនួន០៦រូប បានអញ្ជើញការពារសេចក្តីព្រាងច្បាប់ ក្នុងរបៀបវារៈទី២.
បន្ទាប់ពីបានស្តាប់របាយការណ៍ របស់ឯកឧត្តមប្រធានស្តីទីគណៈកម្មការទី៤ និងឯកឧត្តមប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា និងស្តាប់មតិពិភាក្សា របស់សមាជិកអង្គប្រជុំ និងស្តាប់មតិបំភ្លឺ ពីតំណាងតំណាងរាស្រ្តហត្ថលេខី និងតំណាងរាជរដ្ឋាភិបាលអង្គព្រឹទ្ធសភា បានអនុម័តយល់ព្រមដោយឥតកែប្រែ និងចាក់ទុកជាការប្រញាប់ លើខ្លឹមសារទាំងមូល នៃសេចក្តីស្នើច្បាប់ សេចក្តីព្រាងច្បាប់ទាំង២ ខាងលើចំនួន ៥២សម្លេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕