ឯកឧត្តម ងួន រតនៈ អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ម៉ង ប៊ុនហេង ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង


នៅរសៀលថ្ងៃអង្គារ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ម៉ង ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមលោកប្រធានមន្ទីរ អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសចុះពិនិត្យស្ថានភាពមណ្ឌលឡីស័ក ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង បានធ្វើការអំពាវនាវដល់ ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ សូមកុំសម្រុកមកលេងស្រុកកំណើត ក្នុងរដូវបុណ្យចូលឆ្នាំព្រណីជាតិខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តមានប្រសាសន៍ថា ក្នុងវិបត្តិនៃជំងឺកូវីដ១៩ ពលករដ្ឋគួរស្វែងរកការងារធ្វើក្នុងស្រុក ឲ្យអស់លទ្ធភាពសិន មុននឹងធ្វើការចំណាកស្រុកទៅក្រៅប្រទេស ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺនេ ព្រោះរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានរៀបចំនូវការងារ និងបង្រៀនជំនាញខ្លីៗដល់ពលករ ដែលបានបាត់បង់ការងារធ្វើ។ ឯកឧត្តមបណ្ឌិត បានបន្តថា ចំពោះអ្នកមានដីស្រែចម្ការ គួរបង្កបង្កើនផលតាមលទ្ធភាពរបស់ខ្លួន កុំចេញចូលឆ្លងដែនទៅប្រទេសថៃ ព្រោះប្រទេសមួយនេះ កំពុងមានឆ្លងខ្លាំងនៅក្នុងសហគមន៍ តាមខេត្តមួយចំនួន នៃជំងឺកូវីដ១៩ ហើយសម្រាប់អ្នកចង់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ បើគ្រាន់ចង់លេងសប្បាយជួបជុំគ្រួសារក្នុងពិធីបុណ្យទេ គួរកុំទាន់មកលេង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩នេះ ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែន បន្តជួយចាត់វិធានការឲ្យបានតឹងរឹង នូវពួកមេខ្យល់ដែលលួចនាំពលករឆ្លងដែនខុសច្បាប់ ហើយគេចវេសពីការធ្វើចត្តាឡីស័ក ដោយឯកឧត្តម បានអំពាវនាវដល់ពលរដ្ឋ បន្តអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ នៅសល់តិចតួចនិងកំពុងគ្រប់គ្រងបាន ។
ចាប់ពីមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុទសាខន ប្រទេសថៃ មានពលករឆ្លងដែនតាមច្រកនានាជាប់ខេត្តបាត់ដំបង មានជាង ៧០០០នាក់ និងបានបញ្ចប់ការធ្វើចត្តាឡីស័កជិត ៤០០០នាក់ កំពុងធ្វើចត្តាឡីស័កជាង ៣០០០នាក់ ខណៈនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករឆ្លងដែនពីថៃ មានជាង ៣០០នាក់ ៕