មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្ស និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ ដែលបានការពារ និងអភិរក្សធនធានធម្មជាតិ


ក្រចេះ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១​ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្សនិងសមាជិកសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចបានយ៉ាងល្អដោយមិនខ្លាចនឿយហត់ និងមិនខ្លាចពីគ្រោះថ្នាក់ក្នុងការចុះល្បាត ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ទាំងមូល ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជានៅសល់នេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ការថ្លែងអំណរគុណនេះធ្វើឡើងដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងឱកាសចូលរួមជាអធិបតីភាពកម្មវិធីបោះជំរុំក្រោមប្រធានបទ«យើងស្រឡាញ់ព្រៃឡង់» នៅក្នុងភូមិសាស្ត្រខេត្តក្រចេះកាលពីថ្ងៃទី១៤និងទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

 

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅឆ្នាំ២០២០កន្លងទៅនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិដោយមានការគាំទ្រពីអង្គការដៃគូ បានចុះល្បាតចំនួន ១,៧២៨ លើក បង្ក្រាបបទល្មើសបានចំនួន ១,០១៩ករណី ក្នុងនោះបានបញ្ជូនសំណុំរឿងទៅ តុលាការចំនួន ៤៧ករណី រឹបអូសរណាយន្តបានចំនួន ៤៨១គ្រឿង គោយន្តកន្ត្រៃចំនួន ១១៦គ្រឿង រឹបអូសម៉ូតូចំនួន ៤៧គ្រឿង ដោះអន្ទាក់ចេញពីតំបន់ព្រៃឡង់បានចំនួន ២,៦៣០អន្ទាក់ ដកហូតកាំភ្លើងកែច្នៃចំនួន ១១៧ដើម ដកហូតឈើបានចំនួន ២៧៥ម៉ែត្រគូប ពិន័យអន្តរការណ៍ចំនួន ៦៩ករណី និងធ្វើកិច្ចសន្យានិងអប់រំចំនួន ៣៧៩ករណី។ ដែនជម្រកសត្វព្រៃ«ព្រៃឡង់» បង្កើតឡើងតាំងពីឆ្នាំ២០១៦ ហើយស្ថិតក្រោមការគ្រប់គ្រងអភិរក្សរបស់ក្រសួងបរិស្ថាន មានផ្ទៃដីសរុបជាង ៤៣ម៉ឺនហិកតា និងមានភូមិសាស្ត្រខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង, ខេត្តព្រះវិហារ, ខេត្តកំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់តំបន់ការពារធម្មជាតិ ចំនួន១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារៈសំខាន់។

 

លទ្ធផលនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិដែលបានរួមគ្នាចុះល្បាតជាប្រចាំ។ ក្រសួងបរិស្ថានសូមអរគុណអ្នកទាំងអស់គ្នារួមទាំងក្រុមគ្រួសារ ស្វាមី ភរិយាដែលបានអនុញ្ញាតឱ្យសមាជិកគ្រួសាររបស់ខ្លួន បំពេញការងារក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិនេះ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា ដោយបានបន្ថែមថា៖«យើងទាំងអស់គ្នាត្រូវ បន្តខិតខំប្រឹងប្រែងចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមនឹងបន្តអប់រំផ្សព្វផ្សាយបន្ថែមទៀតពីសារៈប្រយោជន៍នៃការការពារព្រៃឈើ សត្វព្រៃដល់ប្រជាពលរដ្ឋទូទៅជាពិសេសពលរដ្ឋរស់នៅជុំវិញតំបន់ការពារធម្មជាតិដើម្បី ឱ្យពួកគាត់ចូលរួមការពារថែរក្សា និងទទួលបានផលប្រយោជន៍ពីអនុផលព្រៃឈើ និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិផងដែរ។

 

ជាមួយគ្នានេះ ឯកឧត្តម ក្រសួងបរិស្ថានបានគូសបញ្ជាក់សាជាថ្មីថា បទល្មើសធនធានធម្មជាតិ ខ្នាតធំនៅក្នុងតំបន់ការពារធម្មជាតិរួមទាំងក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ប៉ុន្តែនៅមានបទល្មើសទ្រង់ទ្រាយតូចៗដែលបាននិងកំពុងកើតឡើង ដែលកម្លាំងសមត្ថកិច្ចជាពិសេសមន្ត្រីឧទ្យានុរក្សដែលកំពុងតែឈរជើងការពារតំបន់ការពារធម្មជាតិ នឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ និងប្រជាសហគមន៍ដើម្បីបន្ត ទប់ស្កាត់និងបង្ក្រាបបទល្មើស។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា៖ ស្ថានភាពនៃបទល្មើសទ្រង់ទ្រាយតូចៗនៅបន្តកើតមានឡើង ដោយសារតែ

ទី១៖ពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ការពារធនធានធម្មជាតិនៅមានកម្រិតនៅឡើយ

ទី២៖ គឺឈ្មួញមួយចំនួនបានញុះញង់ឱ្យប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ការធនធានធម្មជាតិចូលកាប់ឈើលក់ឱ្យខ្លួន

ទី៣៖ គឺពាក់ព័ន្ធនឹងតម្រូវការនៅក្នុងស្រុកមានន័យថាប្រជាពលរដ្ឋចង់បានគ្រឿងសង្ហារឹមដែលធ្វើពីឈើប្រណីតៗ និងជាប្រភេទឈើធម្មជាតិ។

ជាមួយគ្នានេះ ជនល្មើសបានប្រើប្រាស់វិធីសាស្ត្រនិងមធ្យោបាយកាន់តែទំនើបជាងមុនក្នុងការប្រព្រឹត្តបទល្មើស។ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេះឱ្យបានទាន់ពេលវេលា ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាននិងដៃគូបាននិងកំពុងបំពាក់សម្ភារៈទំនើបៗ ដើម្បីចាត់វិធានការ ច្បាប់ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ កាលពីចុងខែមករា ឆ្នាំ២០២១ ក្រសួងបរិស្ថាននិងគម្រោងព្រៃឡង់បៃតងរបស់ USAID បានដាក់ឱ្យប្រើប្រាស់ទីចាត់ការប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិ (PAMP) សម្រាប់ខេត្តព្រះវិហារ។ នេះជាលើកដំបូងដែលកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់សំដៅគ្រប់គ្រងទិន្នន័យល្បាតឱ្យបានហ្មត់ចត់ ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសខុសច្បាប់ឱ្យបានទាន់ពេលវេលា។ បើតាមឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ទីចាត់ការនេះត្រូវបានបង្កើតជាលើកទី១ ដោយចាប់ផ្តើមពីខេត្តព្រះវិហារ និងបន្តទៅកាន់តំបន់ផ្សេងទៀតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និងតំបន់ការពារធម្មជាតិដទៃទៀតសំដៅគ្រប់គ្រងទិន្នន័យល្បាតឱ្យបានហ្មត់ចត់ ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យទាន់ពេលវេលាតាមប្រព័ន្ធទំនាក់ទំនងទំនើប ហើយនេះគឺជាការបោះជំហានថ្មីមួយទៀត របស់ក្រសួងបរិស្ថាន និងអង្គការជាដៃគូ ក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ធម្មជាតិតាមបច្ចេកវិទ្យាទំនើប៕