រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ


ភ្នំពេញ៖ នៅ​ថ្ងៃ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប​សម្ដែងការគួរសម និងពិភាក្សាការងារ ។

ក្នុង​ឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលទោះជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសទាំងអស់នៅលើពិភពលោក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានការកើនឡើងកាលពីឆ្នាំកន្លងទៅ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បាន​គូសបញ្ជាក់បន្ថែមទៀតអំពីកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៦កន្លងទៅ ដែលក្រោយមកវិស័យកម្មសិទ្ធិបញ្ញាមានការរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់ ។ ថ្មីៗនេះកម្ពុជាបានចូល និងកំពុងសិក្សាចូលជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចសម្រួលពាណិជ្ជកម្ម ដែលថ្មីៗនេះបានដាក់ឱ្យដំណើរការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធព័ត៌មាន (Cam DX) សំដៅសម្រួលការចុះបញ្ជីអាជីវកម្ម និងទាក់ទាញវិនិយោគបន្ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្ដី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផងដែរអំពីលទ្ធភាព ក្នុងការពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបន្ថែមទៀត ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យឌីជីថល ការងារអាទិភាពផ្សេងទៀតពាក់ព័ន្ធនឹងការត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត៕