ជនពិការ ២រូប នៅខេត្តបន្ទាយមានជ័យ ទទួលបានផ្ទះពីមូលនិធិជនពិការ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល


(បន្ទាយមានជ័យ)៖ ជនពិការក្រីក្រចំនួន ២រូប ដែលរស់ភូមិតាអិន១ ឃុំស្រះរាំង ស្រុកមង្គលបូរី និងភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានទទួលផ្ទះចំនួន២ខ្នង ពីមូលនិធិជនពិការ។ កម្មវិធីប្រគល់ និងទទួលផ្ទះ បានធ្វើឡើងនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ជនពិការទាំង ២រូបនេះ រួមមាន៖
* ១៖ លោក សៀង ខ្នី អាយុ៥៩ឆ្នាំ ពិការជើងដោយសារមីនតាំងពីឆ្នាំ១៩៧៩
* និង២៖ លោក ភី ហុង អាយុ៥៨ឆ្នាំ ជាជនពិការស្វិតជើងទាំងពីរ ពីកំណើត។

មូលនិធិជនពិការសម្រេចផ្តល់ផ្ទះថ្មី១ខ្នងសម្រាប់១នាក់ ដែលផ្ទះនោះធ្វើអំពីថ្មប្រកស័ង្កសីទំហំ ៤x៦ម៉ែត្រ ដើម្បីឱ្យពួកគាត់មានទីជំរកសមរម្យ។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់មូលធិជនពិការ ដែលបានខិតខំស្វែងរកថវិកាយកមកសាងសង់ជូនជនពិការក្រីក្រនៅក្នុងខេត្តបន្ទាយមានជ័យ ដែលប្រការនេះ ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយទុកលំបាក និងផ្តល់លទ្ធភាពដល់ជនពិការឱ្យទទួលបាននូវសុខុមាលភាពកាន់តែប្រសើរ។

លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានថ្លែងថា កន្លងមកមូលនិធិជនពិការបានប្រគល់ផ្ទះជូនគ្រួសារជនពិការក្រីក្របានចំនួន ៨ខ្នងរួចមកហើយ នៅខេត្តបាត់ដំបង សៀមរាប តាកែវ កំពង់ឆ្នាំង ស្វាយរៀង ត្បូងឃ្មុំ ពោធិ៍សាត់ ប៉ៃលិន។ សម្រាប់លើកនេះ មូលនិធិជនពិការបានរៀបចំពិធីប្រគល់ផ្ទះទី៩ និងទី១០ ជូនជនពិការក្រីក្រនៅខេត្តបន្ទាយមានជ័យ និងបន្តប្រគល់ជូនផ្ទះទី១១ ដល់ជនពិការក្រីក្រ ១គ្រួសារទៀត នៅខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោកគូសបញ្ជាក់ថា ផ្ទះទាំង២ខ្នងនេះចំណាយថវិកាអស់ចំនួន ៣២,០១៦,០០០រៀល ដោយប្រើប្រាស់ថវិកាពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ ដែលបានដាក់នៅតាមទីសាធារណៈនានា។ ការសាងសង់ផ្ទះនេះ គឺផ្តល់ជូនតែជនពិការក្រីក្រដែលមានប័ណ្ណសមធម៌ ឬប័ណ្ណសង្គមកិច្ច ឬលិខិតបញ្ជាក់ភាពក្រីក្រពីអាជ្ញាធរមូលដ្ឋាន និងមានលក្ខណៈវិនិច្ឆ័យស្របតាមគោលការណ៍នៃការផ្តល់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍របស់មូលនិធិជនពិការ។ លោកនាយក ក៏បានផ្តាំផ្ញើរដល់គ្រួសារជនពិការទាំង ២គ្រួសារ សូមចូលរួមថែរក្សាផ្ទះថ្មីនេះឱ្យបានគង់វង្សយូរអង្វែង និងសូមថែរក្សាសុខភាពជៀសផុតពីជំងឺឆ្លងទាំងឡាយ។

លោកជំទាវ ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរខ្ពស់ដល់ជនពិការ ដោយមិនឱ្យជនពិការនៅឯកោនោះឡើយ គឺរាជរដ្ឋាភិបាលក៏ដូចថ្នាក់ដឹកនាំខេត្ត បានសម្របសម្រួលឱ្យជនពិការទទួលបានការគាំទ្រនានា។

លោកជំទាវក៏បានថ្លែងអំណរគុណដល់មូលនិធិជនពិការដែលបានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង សំដៅដល់ការលើកកម្ពស់ជីវភាពរបស់ជនពិការក្រីក្រ។ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការពារនានារបស់ក្រសួងសុខាភិបាល ព្រមទាំងចូលរួមសហការណ៍ផ្តល់នូវព័ត៌មានដែលទាក់ទងនឹងការធ្វើដំណើរពីប្រទេសថៃមកកម្ពុជាវិញដល់អាជ្ញាធរ។

ក្នុងពិធីនេះដែរ ក្រៅពីផ្ទះថ្មី១ខ្នងនេះ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារដែលទទួលបានផ្ទះថ្មីទាំង ២ខ្នងនេះ នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៉ីអ៉ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស។ ចំពោះប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីនេះ ក៏ទទួលបានថវិកាចំនួន ២ម៉ឺនរៀលក្នុងម្នាក់ ពីមូលនិធិជនពិការ។

ជាមួយគ្នានេះ លោកជំទាវអភិបាលរងខេត្តក៏បានឧបត្ថម្ភនូវថវិកាចំនួន ៥ម៉ឺនរៀលដល់គ្រួសារជនពិការ។ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តក៏បានជួយឧបត្ថម្ភបន្ថែមជាថវិកាចំនួន ១០ម៉ឺនរៀលសម្រាប់ជនពិការម្ចាស់ផ្ទះ។ អភិបាលស្រុកមង្គលបូរីជួយឧបត្ថម្ភបន្ថែមជាថវិកាចំនួន ១០ម៉ឺន អង្ករ២៥គីឡូក្រោមដល់គ្រួសារម្ចាស់ផ្ទះ និងឧបត្ថម្ភទឹកបរិសុទ្ធ ២កេស ថវិកាចំនួន ២០ម៉ឺនសម្រាប់ប្រជាពលរដ្ឋចូលរួម៕