ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអន្តរជាតិនានា គឺជាឱកាសសម្រាប់កម្ពុជាបញ្ជាក់ពីសក្តានុពល និងសមត្ថភាពគ្រប់គ្រងខ្ពស់បំផុតរបស់ខ្លួន ក្នុងការផ្តល់ភាពកក់ក្តៅ និងជំនឿចិត្តដល់បណ្តាប្រទេសអន្តរជាតិនានាដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំ


«ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអន្តរជាតិនានា គឺជាឱកាសសម្រាប់កម្ពុជាបញ្ជាក់ពីសក្តានុពល និងសមត្ថភាពគ្រប់គ្រងខ្ពស់បំផុតរបស់ខ្លួន ក្នុងការផ្តល់ភាពកក់ក្តៅ និងជំនឿចិត្តដល់បណ្តាប្រទេសអន្តរជាតិនានាដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំ»។ នេះជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងសង្កត់ធ្ងន់លើអត្ថន័យនៃភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំធំៗ នៅក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើ៖ សេចក្តីព្រាងមូលបទ និងប្រធានបទនៃកិច្ចប្រជុំASEP លើកទី១១ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានរំលេចអំពីដំណើរវិវត្តរបស់កម្ពុជា ពីប្រទេសមួយដែលខ្ទេចខ្ទាំដោយសង្គ្រាមស៊ីវិល(របបប្រល័យពូជសាសន៍) ហើយដែលមជ្ឈដ្ឋានអន្តរជាតិមានការព្រួយបារម្ភពីសុវត្ថិភាព និងសេ្ថរភាព ក្លាយជាប្រទេសដែលមានសុខសន្តិភាពពេញលេញ មានមុខមាត់លើឆាកអន្តរជាតិ ហើយទទួលបានជំនឿទុកចិត្ត និងការទទួលស្គាល់ឱ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងអន្តរជាតិធំៗជាបន្តបន្ទាប់។
សូមជម្រាបជូនថា កន្លងមកកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិល្បីៗរួមមាន៖ កិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៣៧ (WHC) ក្នុងឆ្នាំ២០១៣ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០១៧ ហើយនាពេលខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) និងកិច្ចប្រជុំ ASEPលើកទី១១ ដែលនឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសភា មកពីបណ្តា ៥៣ប្រទេសដែលជាសមាជិកក្នុងកិច្ចប្រជុំកំពូលអាស៊ី- អឺរ៉ុប។