លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រគល់ផ្ទះមួយខ្នងទំហំ៥ម៉ែត្រ x ៨ម៉ែត្រ សង់អំពីឥដ្ឋប្រក់សង្ក័សីក្រាលការ៉ូបាតក្រោម និងបង្គន់អនាម័យមួយ ជូនដល់អតីតយុទ្ធជន ឈ្មោះ សោម សំអាត រស់នៅភូមិស្វាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្តស្វាយរៀង នារសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០១៧ ។
លោកជំទាវមានប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដែលតែងនឹករលឹកនិងយកចិត្តទុកដាក់ដល់អតីតយុទ្ធជនដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុប្រទេសជាតិនាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋបានរស់នៅបានសុខសាន្ត។
លោកជំទាវបានបញ្ជាក់ថាសកម្មភាពការងាររបស់អតីតយុទ្ធជន សោមសំអាត ពិតជាវីរៈជនម្នាក់បានលះបង់ អាយុជីវិតក្នុងការងារ ដោះមីនរំដោះដីស្រែដែលបន្សល់ទុកពីសម័យសង្គ្រាមបានរាប់សិបហិចតានៅស្រុកស្វាយទាបនេះ ហើយត្រូវគ្រាប់មីនផ្ទុះបណ្តាល អោយពិការភ្នែកទាំងពីរ គំរូវីរៈភាពនេះប្រធានសមាគម អតីតយុទ្ធជនកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជាប្រធាននិងក្រុមការងារមិនអាចបំភ្លេចបានឡើយនូវគុណូបក្ការៈដ៏ធំធេងក្នុងបុព្វហេតុជាតិមាតុភូមិរបស់លោក។
ជាការឆ្លើយតបសម្តេចតេជោហ៊ុនសែនបានជួយកសាងផ្ទះមួយខ្នងជូនដល់គ្រួសារលោកសោមសំអាតក្នុងនោះឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានឧបត្ថមម៉ូតូមួយគ្រឿងនិងផ្តល់បន្ទះសូលាពន្លឺព្រះអាទិត្យមួយផ្ទាំងដល់លោកគ្រួសារលោកសោមសំអាតផងដែរ។
លោកជំទាវម៉ែនសំអនក៏បានផ្តាំផ្ញើរដល់លោកសោមសំអាតនិងក្រុមគ្រួសារត្រូវចេះថែរក្សាសុខភាពនិងរស់នៅប្រកបដោយអនាម័យមិនតែប៉ុណ្ណោះត្រូវចងចាំថាក្រុមការងារអតីតយុទ្ធជនគឺតែងតែនូវជិតនិងរួមសុខរួមទុកជាមួយអតីតយុទ្ធជនដែលជួបការខ្វះខាតជានិច្ច។
ក្នុងពិធីប្រគល់ផ្ទះនោះផងដែរលោកជំទាវឧបនាយករដ្ឋមន្ត្រីក៏បានឧបត្ថម្ភថវិការចំនួន១.១៣០.០០០រៀល និង៧០០ដុល្លាសហរដ្ឋអាមេរិក ដែលជាថវិការបស់សប្បុរសជន និងក្រុមការងារជូនដល់លោក សោម សំអាត ទុកសម្រាប់ដោះជីវភាពប្រចាំថ្ងៃផងដែរ៕