នៅថ្ងៃ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ ស្តីពីការងាររៀបចំសម្របសម្រួល និងជំរុញការងារគ្រប់គ្រងដីចំណីផ្លូវថ្នល់ និងផ្លូវរថភ្លើង ដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ក៏ដូចជាដើម្បីប្រមូលធាតុចូលឱ្យកាន់តែទូលំទូលាយ សំដៅឱ្យការរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះមានខ្លឹមសារកាន់តែច្បាស់លាស់ ជាក់លាក់ និងស៊ីជម្រៅក្នុងក្របខ័ណ្ឌនៃកំណត់ការគ្រប់គ្រង និងការប្រើប្រាស់ដីចំណីតាមបណ្ដាញផ្លូវជាតិ និងផ្លូវរថភ្លើងឱ្យសមស្របតាមការអភិវឌ្ឍ និងការរីកចម្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍លើកទឹកចិត្តឱ្យក្រុមការងារជំនាញបច្ចេកទេស ពិនិត្យបន្ថែមទៀត និងសិក្សាពាក្យពេចន៍ ឃ្លា ប្រយោគឱ្យបានល្អិតល្អន់ និងស៊ីជម្រៅ សំដៅឱ្យមានសង្គតិភាពជាមួយឯកសារគតិយុត្តិពាក់ព័ន្ធទាំង ឡាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញឱ្យការរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងដំណើរការទៅមុខដោយរលូន។
សូមបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យស្តីពីការងារគ្រប់គ្រងដីចំណីផ្លូវថ្នល់ និងផ្លូវរថភ្លើង មានគោលបំណងលុបបំបាត់ បាតុភាពការទន្ទ្រានយកដីចំណីផ្លូវ ទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ ទប់ស្កាត់ឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្តា ប់ធ្នាប់សង្គមដែលតែងតែកើតមាននៅតាមផ្លូវ និងកាត់បន្ថយឧបសគ្គនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ។
លើសពីនេះទៀត អនុក្រឹត្យនេះមានគោលបំណងកាត់បន្ថយរាល់ការចំណាយរបស់រដ្ឋ ទៅលើការដោះស្រាយផលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋដែលតាំងទីលំនៅតាមផ្លូវ បង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពល រដ្ឋ ដែលមានកម្មសិទ្ធិនៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយនិរន្តរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕