លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេស តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ ការបង្កើនភាពអង់អាចដល់ស្រ្តីក្នុងអំឡុង និងក្រោយកូវីដ-១៩


នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាតំណាងគណបក្សប្រជាជនកម្ពុជាក្នុងសម្ព័ន្ធស្រ្តី ICAPP បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេស តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការបង្កើនភាពអង់អាចដល់ស្រ្តីក្នុងអំឡុង និងក្រោយកូវីដ-១៩” ដែលរៀបចំឡើងដោយសម្ព័ន្ធស្រ្តីICAPP និងលេខាធិការដ្ឋាន ICAPP។ កិច្ចប្រជុំពិសេសនេះមានគោលបំណងកៀរគរការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃបណ្តាគណបក្សនយោបាយ ដើម្បីដាក់ចេញនិងអនុវត្តនូវវិធានការបន្ទាន់នានា ក្នុងការកាត់បន្ថយផលប៉ះពាល់រយៈពេលវែងលើស្រ្តី ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមនានាដែលស្រ្តីបានជួបប្រទះ និងអនុសាសន៍ក្នុងការដោះស្រាយ។
កិច្ចប្រជុំពិសេសនេះ ផ្តោតសំខាន់លើប្រធានបទចម្បងៗចំនួនពីរគឺ៖ ១. ភាពអសន្តិសុខផ្នែកសេដ្ឋកិច្ច៖ ការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានផ្នែកសេដ្ឋកិច្ចលើស្រ្តី បណ្តាលមកពីជំងឺកូវីដ១៩ និង២. អំពើហឹង្សាទាក់ទងនឹងយេនឌ័រ៖ ការការពារនិងដោះស្រាយ បញ្ហាអំពើហឹង្សាក្នុងគ្រួសារស្ត្រី។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន វាគ្មិន និង តំណាងគណបក្សនយោបាយនីមួយៗដែលជាសមាជិករបស់ ICAPP ប្រមាណ៥០នាក់ ក្នុងនោះមានតំណាងស្រ្តីនៃអង្គការសហប្រជាជាតិ (UN WOMEN) និងតំណាងគណៈកម្មការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UNESCAP)និងអង្គការសន្និសីទអចិន្រ្តៃយ៍នៃគណបក្សនយោបាយនៅអាមេរិកឡាទីន និងការ៉ាប៊ីន (COPPPAL) ក៏បានចូលរួមជាអ្នកសង្កេតការណ៍ផងដែរ។
ចុងបញ្ចប់នៃកិច្ចប្រជុំពិសេសនេះ អង្គប្រជុំបានឯកភាពលើសេចក្តីថ្លែងការណ៍រួម១០ចំណុច ដែលបន្តផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ស្ថានភាពផ្នែកសេដ្ឋកិច្ចស្រ្តី និងកាត់បន្ថយអំពើហឹង្សាទាក់ទងនឹងយេនឌ័រ នៅអំឡុង និងក្រោយកូវីដ១៩ ដែលកិច្ចការងារនេះអាចសម្រេចទៅបានតម្រូវឱ្យមានការចូលរួមសហការជិតស្និទ្ធពីគ្រប់ដៃគូរពាក់ព័ន្ធនៅគ្រប់កម្រិតទាំងនៅក្នុងតំបន់ និងសកលលោក។