សេចក្តីព្រាងច្បាប់ ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងសាហាវផ្សេងទៀត ត្រូវបានរដ្ឋសភា ទទួលយក


សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលរៀបចំដោយរាជរដ្ឋាភិបាល នៅអំឡុងរីករាលដាលជំងឺកូវីដ១៩នេះ ត្រូវបានរដ្ឋសភា ទទួលយកមកសិក្សាហើយ។

ការទទួលយកសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈកិច្ចប្រជុំចំនួន ៨ ។

នៅក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាដើម្បីពិនិត្យ និងសិក្សា តាមសំណើរបស់រាជរដ្ឋាភិបាល។ នេះបើតាមការប្រកាសរបស់រដ្ឋសភា។

សេចក្តីព្រាងច្បាប់ខាងលើនេះមាន ៦ ជំពូក និង ១៨មាត្រា បានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមមុខនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាន់តែខ្លាំង ស្មុគស្មាញ និងក្នុងទ្រង់ទ្រាយកាន់តែធំ និងបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅជាប្រក្រតីរបស់មនុស្សជាតិ។

សេចក្តីព្រាងច្បាប់នេះ បង្កើតឲ្យមានមូលដ្ឋានគតិយុត្តមួយរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដល់ការគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនៅកម្ពុជា៕