សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅតែឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី ក្នុង​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ២០២៣ ខាងមុខ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា សម្ដេចនឹងបន្តឈរឈ្មោះជា «បេក្ខជននាយករដ្ឋមន្ត្រី» ក្នុងការបោះឆ្នោតសភានៅឆ្នាំ២០២៣ ខាងមុខ ក៏ដូចជាការបោះឆ្នោត ក្រោយៗទៀតផងដែរ ដោយមិនមានការផ្ទេរតំណែងទៅអ្នកផ្សេងនោះឡើយ។

ការបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងពេលអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅកាន់ក្រុមប្រឆាំងរត់ចោលស្រុកថា ខ្លួនសម្ដេចផ្ទាល់នឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា នីតិកាលទី៧ នៅឆ្នាំ២០២៣ បន្តទៀត ហើយក៏នៅតែបន្តឈរជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតក្រោយៗទៀតដែរ។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ឥលូវឈប់ប្រកាសពីរឿង ១០ឆ្នាំ ២០ឆ្នាំ ទៀតហើយ គឺនៅធ្វើនាយករដ្ឋមន្ត្រីទាល់តែឈប់ចង់ធ្វើ»

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា ក្នុងនាមជានាយករដ្ឋមន្ត្រី សម្ដេចមានសិទ្ធិក្នុងការសម្រេចផ្ដល់ជំនួយសម្ភារបរិក្ខារការពារជំងឺកូវីដ១៩ ដល់ប្រទេសដទៃ ដែលកន្លែងមកកម្ពុជាធ្លាប់បានផ្ដល់ ជំនួយដល់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រខាងកើត និងនេប៉ាល់ ហើយក្នុងដំណាក់កាលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចថា នឹងផ្ដល់ការចាក់វ៉ាក់សាំងជូនជនបរទេសដែលរស់នៅ និងធ្វើការនៅប្រទេសកម្ពុជាថែមទៀត នេះមិនទាន់និយាយពីការជួយសង្គ្រោះភ្ញៀវទេសចរ និងនាវិកនៅលើនាវា Westerdam កាលពីឆ្នាំ២០២០ នៅឡើយទេ។

ឆ្លើយតបទៅនឹងការរិះគន់របស់ក្រុមប្រឆាំងដែលថា «កម្ពុជាជួយខ្លួនឯងមិនទាន់នឹងបានផង ទៅប្រឹងជួយគេធ្វើស្អី» សម្ដេច ហ៊ុន សែន បានបញ្ជាក់វិញថា «កម្ពុជា តូចមែន តែមានសន្ដានចិត្តធំទូលាយ»។ ត្រង់ចំណុចនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ក្នុងនាមសម្ដេចជានាយករដ្ឋមន្ត្រី សម្ដេចក៏មានសិទ្ធិសម្រេចក្នុងការផ្ដល់ការចាក់វ៉ាក់សាំងជូនជនបរទេសទាំងនោះ មិនអាចមានក្រុមប្រឆាំងណាមករិះគន់ ឬរារាំងបានឡើយ ព្រោះនេះជាសន្ដានចិត្តដ៏ធំធេងរបស់កម្ពុជា ដែលបានស្ដែងឱ្យឃើញជារឿយៗលើឆាកអន្តរជាតិ មិនមែនទើបតែធ្វើនោះទេ។

សម្ដេចប្រតិកម្មចំពោះគំនិតជ្រុលនិយមខាងលើនេះ ហាក់ចង់សំដៅទៅលើក្រុមរត់ចោលស្រុក ដែលដឹកនាំដោយទណ្ឌិត សម រង្ស៉ី ព្រោះកន្លងមកពួកនេះតែងតែរកទំនុករិះគន់មកលើរាជរដ្ឋាភិបាលកម្ពុជារហូត មិនថារឿងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការផ្ដល់ជំនួយដល់ប្រទេសចំនួនបួនកន្លងមក បូករួមទាំងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងប្រទេសផងដែរ។

សម្ដេចបានផ្ដាំត្រលប់ទៅវិញថា «ចាំអ្នកឯងឡើងធ្វើជានាយករដ្ឋមន្ត្រី អ្នកឯងកំណត់ធ្វើខ្លួនទៅ នៅពេលខ្ញុំធ្វើនាយករដ្ឋមន្ត្រី គឺខ្ញុំមានសិទ្ធិសម្រេចចិត្តក្នុងការព្យាបាលដោយមិនយកប្រាក់ពីជនបរទេស ក្នុងករណីកូវីដនេះ»

សម្ដេចតេជោ ហ៊ុន សែន បានចំអកឱ្យមេដឹកនាំក្រុមប្រឆាំងនោះថា មិនដឹងឆ្នាំណា ដែលពួកគេមានវាសនាបានធ្វើជានាយករដ្ឋមន្ត្រីនោះទេ ប្រហែលជារង់ចាំដល់ថ្ងៃទី៣១ ខែកុម្ភៈ រៀងរាល់ឆ្នាំហើយមើលទៅ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់សាជាថ្មីថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ជាពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រួចហើយដល់ខែកក្កដា ឆ្នាំ២០២៣ ជាពេលបោះឆ្នោតជ្រើសតាំងសមាជិកសភា នីតិកាលទី៧ ហើយសម្ដេចនៅតែឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីដដែល៕