សម្ដេចពិជ័យសេនា ទៀ បាញ់ : រថយន្តកងទ័ពជាង ២០០គ្រឿងត្រៀមដឹកជញ្ជូនប្រជាពលរដ្ឋមកពីថៃ


ភ្នំពេញៈ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា រថយន្តកងទ័ពជាង ២០០គ្រឿង ត្រៀមសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសចូលមកក្នុងប្រទេសវិញ។ ហើយនៅថ្ងៃទី៩ ខែមីនានេះ កងទ័ពគ្រប់ទិសទីទាំងអស់នឹងបំពេញតាមតួនាទីភារកិច្ចរបស់ខ្លួនតាមបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៩ ខែមីនានេះថា បន្ទាប់ពីទទួលបានបទបញ្ជាពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកងទ័ពបានត្រៀមរថយន្តជាង ២០០គ្រឿងសម្រាប់ដឹកពលករដែលមកពីប្រទេសថៃចូលមកក្នុងប្រទេសវិញ ។ ហើយខាងកងទ័ពបានត្រៀមរួចរាល់តាំងពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ដោយរថយន្តយោធាមួយចំនួនបានបំពេញតួនាទីភារកិច្ចនៅជួរមុខស្រាប់រួចទៅហើយ ប៉ុន្តែដោយសារមានបទបញ្ជា និងមានការកែសម្រួលខ្លះៗ ដោយប្រើរថយន្តជាង ២០០គ្រឿង សម្រាប់ដឹកពលករមកពីប្រទេសថៃចូលមកខាងក្នុងប្រទេសវិញ។
សម្តេចពិជ័យសេនាបានបញ្ជាក់យ៉ាងដូច្នេះថា “ត្រៀមរួចរាល់តាំងពីម្សិលមិញម្ល៉េះ គឺកងទ័ពឲ្យតែមានបទបញ្ជាធ្វើតែម្តង ហើយរថយន្តមួយចំនួនបានបំពេញភារកិច្ចក្នុងជួរមុខស្រាបរួចទៅហើយ ប៉ុន្តែដោយមានបទបញ្ជា កែសម្រួលថ្មីខ្លះៗ យើងប្រើរថយន្តជាង ២០០គ្រឿង សម្រាប់ដំណើរការដឹកពលករចូលមកខាងក្នុងប្រទេសវិញ”។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍
បញ្ជាក់ថា រថយន្តរបស់កងទ័ពជាង ២០០គ្រឿងបានត្រៀមរួចរាល់អស់ហើយ គឺរង់ចាំតែការអនុវត្តដំណើរការតែប៉ុណ្ណោះ ហើយនៅថ្ងៃទី៩ ខែមីនាឆ្នាំ២០២១នេះ កងទ័ពគ្រប់ទិសទីទាំងអស់នឹងបំពេញតាមតួនាទីភារកិច្ចតាមបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ “បានត្រៀមរៀបចំរួចអស់ហើយ ចាំតែអនុវត្តដំណើរ ហើយនៅថ្ងៃទី៩ មីនា នេះ គ្រប់ទិសទីទាំងអស់ គឺបំពេញកិច្ចការតាមបទបញ្ជានឹងហើយ”។