អភិបាលខេត្តពោធិ៍សាត់ បានអញ្ជេីញដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំទីតាំងការដ្ឋានទី១០ ឃុំឈើតុំ ស្រុកក្រគរ សម្រាប់ទុកធ្វេីជាកន្លែងចត្តាឡីស័កបម្រុងថ្មី


នាថ្ងៃទី០៩ ខែមីនា​ ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់​ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានអញ្ជេីញដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំទីតាំងការដ្ឋានទី១០ ឃុំឈើតុំ ស្រុកក្រគរ សម្រាប់ទុកធ្វេីជាកន្លែងចត្តាឡីស័កបម្រុងថ្មី ខណៈដែលទីតាំងមណ្ឌលចត្តាឡីស័កនានាតាមបណ្តា ក្រុង ស្រុក ពេញ។
សូមបញ្ជាក់ថា ដោយសារតែចំនួនពលករខ្មែរត្រឡប់មកពីថៃ មានចំនួនកាន់តែច្រើន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះ រដ្ឋបាលខេត្ត ដែលមានមន្ទីរសុខាភិបាលខេត្ត ជាសេនាធិការ បានត្រៀមរៀបចំទីតាំង មណ្ឌលចត្តាឡីស័ក នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តពោធិ៍សាត់ ដើម្បីទទួលពលករទាំងនោះដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ក្នុងនោះក្រុងពោធិ៍សាត់ មានចំនួន២កន្លែង និងត្រៀមបន្ថែម៣កន្លែង, ស្រុកបាកាន មានចំនួន៥កន្លែង, ស្រុកកណ្តៀង មានចំនួន៤កន្លែង, ស្រុកក្រគរ មានចំនួន៣កន្លែង, ស្រុកតាលោសែនជ័យ មានចំនួន២កន្លែង, ស្រុកភ្នំក្រវាញ មានចំនួន២កន្លែង និងត្រៀមបន្ថែម២កន្លែង, ស្រុកវាលវែង មានចំនួន២កន្លែង និងត្រៀមបន្ថែម២កន្លែងទៀត៕