អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការដាំដុះបន្លែ របស់កសិករ ដែលកំពុងជួបបញ្ហាទីផ្សារ ក្នុងអំឡុងវិបត្តិកូវីដ-១៩ ដើម្បីជួយរកដំណោះស្រាយឱ្យបានទាន់ពេលវេលា


ប៉ៃលិន៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានអញ្ចើញចុះសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការដាំដុះបន្លែបង្ការរបស់ប្រជាកសិករលក្ខណៈគ្រួសារ ដែលកំពុងជួបបញ្ហាទីផ្សារក្នុងអំឡុងវិបត្តិកូវីដ-១៩ ស្ថិតនៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីជួយរកដំណោះស្រាយជូនពួកគាត់បានទាន់ពេលវេលា។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានផ្តល់ថវិកាឧបត្ថម្ភ និងជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន តាមរយៈការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងពូជ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយដោះស្រាយ បញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើឡើង។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំអោយមានផ្សារចុងសប្តាហ៍ ដែលមានទីតាំងស្ថិតនៅខាងមុខមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសម្រាប់ប្រជាកសិករលក់កសិផល មានដូចជា៖ បន្លែ ផ្លែឈើ ត្រីសាច់ ដែលជាផលិតផលរបស់បណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ ក្រោមកិច្ចសហការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ដូច្នេះតម្រូវឱ្យបងប្អូនប្រជាកសិករយើង បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ដើម្បីធ្វើការផ្គត់ផ្គង់អោយបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ ហើយជាសវាងការចិញ្ចឹម និងការដាំដុះដំណាំដែលគ្មានគុណភាព និងមិនមានទីផ្សារ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ជំរុញដល់ មន្ទីរ/អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាជួយរកទីផ្សារជូនប្រជាកសិករ ដែលដាំដំណាំបន្លែបង្កា ដើម្បីលើកកំពស់ជីវភាព ក្នុងអំឡុងវិបត្តិកូវីដ-១៩។
សូមបញ្ជាក់ថា៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារ ក៍បានជួយទិញបន្លែបង្ការបស់ប្រជាកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ ដើម្បីយកមកធ្វើម្ហូបអាហារសម្រាប់ពលករកំពុងធ្វើចត្តាឡីស័ក និងឧបត្ថម្ភថវិកាដល់កសិករមួយចំនួនផងដែរ។