(បន្ទាយមានជ័យ)៖ រសៀលថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩(COVID-19) សប្បុរសជនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំយកអាល់កុល ២ពីដុង (៦០លីត្រ) ម៉ាស់ ២កេសធំ (៥០០ម៉ាស់) មី១០កេសធំ ភេសជ្ជៈ ៤០កេស និងទឹកសុទ្ធ ១៥០យួរ ប្រគល់ជូន និងសួរសុខទុក្ខក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលដឹកនាំដោយ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យ ដែលកំពុងប្រចាំការ និងដឹកនាំការអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
សូមបញ្ជាក់ថា៖ក្រោយពេលឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដឹកនាំក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី សហការជាមួយក្រុមការងារសាលាខេត្តបន្ទាយមានជ័យបានដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃជាង២០ឆ្នាំតាមបែបឈ្នះឈ្នះ ក្នុងខែវិច្ឆិកាឆ្នាំ២០២០កន្លងទៅ ចំណុចបឹងជង្រុកក៏ត្រូវបានដំណើរការអភិវឌ្ឍជាបន្តបន្ទាប់ភ្លាមរួមមាន ផ្លូវខ្វែងខ្វាត់ សាលារៀន មណ្ឌលសុខភាព ស្នាក់ការសន្តិសុខអាវុធហត្ថ ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នាក់ការកាកបាទក្រហម ស្នាក់ការភូមិ ស្រះទឹក និងវត្តអារាម ជាដើម។ សមិទ្ធផលទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋភូមិបឹងជង្រុកតេជោឈ្នះឈ្នះ តាមរយៈឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ជួសមុខឱ្យក្រុមការងារទាំងអស់គ្នា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនសប្បុរសជនមកក្រុងប៉ោយប៉ែត ដែលបាននាំយកអំណោយមកជូន និងបានមកសួរសុខទុក្ខក្រុមការងារដោយផ្ទាល់ដល់ចំណុចអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ។ ជាមួយគ្នានេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានថ្លែងក្រើនរំលឹកដល់សប្បុរសជន និងប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ (COVID-19) ទាំងអស់គ្នា៕










