ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩រហូតដល់ចំនួន១០៥នាក់ ខណៈអ្នកជំងឺចំនួន៨៨នាក់ជាសះស្បើយ


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ចំនួន ១០៥នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន៨៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ក្រសួងសុខាភិបាលបានបញ្ជាកថា ក្នុងចំណោមអ្នកជំងឺដែលឆ្លងកូវីដ១៩ទាំង១០៥នាក់ រួមមាន៖ ជនជាតិខ្មែរ៣៥នាក់ ជនជាតិចិន៥០នាក់ ជនជាតិវៀតណាម ១១នាក់ ជនជាតិថៃ៨នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។ ចំណែកទីតាំងដែលបានរកឃើញរួមមាន៖ រាជធានីភ្នំពេញ ២៩នាក់ ខេត្តកណ្ដាល ៦៤នាក់ ខេត្តព្រះសីហនុ ៨នាក់ ខេត្តកោះកុង ៣នាក់ និងខេត្តព្រៃវែងម្នាក់។