គិតត្រឹមថ្ងៃនេះ ក្នុងខេត្តត្បូងឃ្មុំ​ ពលរដ្ឋ៦៣នាក់ ត្រូវបានអនុញ្ញាត្តិឲ្យទៅលំនៅដ្ឋានវិញ​ ខណៈ៥៧៨នាក់ទៀតកំពុងធ្វេីចត្តាឡីស័កបន្ត


(ត្បូងឃ្មុំ)៖​ គិតត្រឹម​ថ្ងៃទី​១៦ ខែមីនា​ ឆ្នាំ​២០២១​ ក្នុងខេត្តត្បូងឃ្មុំ ពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័ក​សរុបមានចំនួន៦៤១នាក់ ស្រី២៧២នាក់ ក្នុងនោះមាននៅមណ្ឌលចត្តាឡីស័កវិទ្យាល័យតេជោហ៊ុនសែនក្រុងសួង ៩៣នាក់, នៅមណ្ឌលទ្យាល័យសម្តេចតេជោ​ ហ៊ុន​ សែន​ ត្បូងឃ្មុំ ​ ៤២៩នាក់ និងអ្នកធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន១១៩នាក់។
គិតមកដល់ថ្ងៃនេះ ពលរដ្ឋដែលអនុញ្ញាតឲ្យទៅគេហដ្ឋានវិញ ក្រោយធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ មានចំនួន៦៣នាក់ ស្រី២៩នាក់ ដោយឡែកនៅសល់ចំនួន៥៧៨នាក់ទៀតកំពុងតាមដាន​សុខភាព​ និងធ្វេីចត្តាឡីស័កបន្ត ដែលភាគច្រើនសុទ្ធសឹងជាពលករដែលមកពីតាមតំបន់ព្រំដែនប្រទេសថៃ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឲ្យមានក្រុមការងារទៅទទួលដល់តាមបណ្តាខេត្តនានា។
នេះបើតាមលោកវេជ្ជបណ្ឌិត​ កែវ​ វណ្ណៈ​ ប្រធាន​មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ​ ថ្លែងប្រាប់ឲ្យដឹងនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។
លោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ ឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបង្កើតឲ្យមានគណៈកម្មការ និងក្រុមការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ថ្នាក់ខេត្ត-ស្រុក ដោយបែងចែកក្រុមការងារទៅទទួលដោយផ្ទាល់នាំយកកម្មករមកពីប្រទេសថៃ ដែលមានស្រុកកំណើតក្នុងខេត្តត្បូងឃ្មុំ ឆ្លងដែនមកចូលមកកម្ពុជា តាមបណ្តាខេត្តជាប់ព្រំដែន ដឹកជញ្ជូនមកកាន់ខេត្តត្បូងឃ្មុំ ដែលរដ្ឋបាលខេត្តបានរៀបចំ ដោយផ្តល់អាហារតាមផ្លូវ ក៍ដូចជានៅតាមទីតាំងចត្តាឡីស័កទាំងអស់។
លោក ប្រធានមន្ទីររូបនេះ ឲ្យដឹងបន្តថា សម្រាប់ក្រុមគ្រូពេទ្យជួរមុខបានអនុវត្តន៍ការការពារ​ និងមេីលថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់ចំពោះពលករ​ ក៍ដូចបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័កនៅតាមមណ្ឌលដែលអាជ្ញាធរខេត្តត្បូងឃ្មុំបានរៀបចំត្រៀម​ ក្នុងនោះដែរ​ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ​ បានផ្គត់ផ្គង់នូវម្ហូបអាហារបីពេល​ ក្នុងមួយថ្ងៃ​ ដោយមានថ្នាំសង្កូវ​ និងក្រុមគ្រូពេទ្យប្រចាំការជានិច្ច។
ជាក់ស្ដែង​នៅថ្ងៃទី​១៦​ខែមីនានេះ​ ក្រោយពីអនុញ្ញាត្តិឲ្យបងប្អូនប្រជាពលរដ្ឋដែលគ្រប់ចំនួនថ្ងៃ​ និងតាមដានសុខភាពរយៈពេល១៤ថ្ងៃមក​ អាជ្ញាធរ​ខេត្ត​ សហការគ្នា​ បានឲ្យពលរដ្ឋ៦៣នាក់ វិលត្រឡប់ទៅគេហដ្ឋាន​ ដោយណែនាំពីវិធានការអនាម័យ​ និងការពារជម្ងឺកូវីដ១៩​ ព្រមទាំងផ្តល់បណ្ណ័បញ្ជាក់អំពីសុខភាពក្រោយពេលធ្វេីចត្តាឡីស័កទៀតផងដែរ។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចំណូលស្រុកមកពីប្រទេសថៃ ដែលបានយកមកធ្វើចត្តាឡីស័ក​ធ្វេីយ៉ាងណាតាមដានសុខភាពជាប្រចាំ​ និងត្រូវរាយការណ៍មកសមត្ថកិច្ច​ និងក្រុ​មគ្រូពេទ្យដែលប្រចាំការនៅទីនោះ​ ខណៈ​ដែលមានការរកឃេីញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់​។
បន្ថែមពីនេះ លោកក៍បានសូមស្នេីសុំដល់បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចាំបាច់ត្រូវរក្សាសុខភាពរបស់ខ្លួន​ និងចូលរួមអនុវត្តន៍រស់នៅតាមគន្លងថ្មី​ ដោយមានអនាម័យទៅតាមក្រសួងសុខាភិបាលបានណែនាំ គឺចាំបាច់បំផុតត្រូវតែបន្តអនុវត្តជាប្រចាំ ជាពិសេសអនុវត្តតាម វិធាន ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល៕