អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយកាកបាទក្រហមខេត្តទៅចែកជូនពលករ និងថ្លែងប្រាប់ពីច្បាប់ថ្មី នៃការគេចវេសធ្វើចត្តាឡីស័ក


(ត្បូងឃ្មុំ)នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានអញ្ជើញបន្តចុះសួរសុខទុក្ខ នាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលករ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យសម្តេចតេជោហ៊ុនសែន សួង ក្នុងក្រុងសួង។
នាឱកាសនោះមានការចូលរួមពីឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក លោកស្រី សមាជិកគណៈកម្មាធិការ និងក្រុមការងារសាខាកាកបាទក្រហមខេត្ត-ក្រុង ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនពលករទាំងអស់ ដោយក្តីនឹករលឹកបំផុត។
ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត គូសបញ្ជាក់ថា នៅទីណាមានទុក្ខលំបាកទីនោះគឺមានវត្តមានសម្ដេចទាំងទ្វេ ដែលតែងតែព្រួយបារម្ភ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ពេលគ្រប់វេលា ទោះបីសម្ដេចមិនបានអញ្ជើញមកផ្ទាល់ក៍ដោយ តែអំណោយទាំងអស់ គឺបាននាំយកមកផ្ដល់ជូនដល់ដៃបងប្អូនប្រជាពរដ្ឋគ្រប់ៗគ្នា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានណែនាំឱ្យបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ ស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ ក្រោយ១៤ថ្ងៃ បើមិនមានវិជ្ជមានជំងឺ covid-19ទេ នឹងបានត្រឡប់ទៅគេហដ្ឋានវិញជាក់ជាមិនខាន ដោយបន្តអនុវត្តន៍តាមវិធានការការនានា ពិសេស <<៣កុំ ៣ការពារ>>។
បន្ថែមពីនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់បងប្អូនពលករ ពីច្បាប់ថ្មីដែលទើបដាក់ឲ្យអនុវត្ត នូវកម្រិតទោសទណ្ឌ និងការផាកពិន័យ ចំពោះរាល់ការគេចវេសនៃការធ្វើចត្តាឡីស័ក ឱ្យបងប្អូនបានយល់ច្បាស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ covid 19 នៅកម្ពុជា។
សូមជម្រាបថា: នៅមណ្ឌលចត្តាឡីស័កសម្ដេចតេជោហ៊ុនសែន ក្រុងសួងនេះ មានបងប្អូនពលករចំនួន៤៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១ឡូ ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប សាប៊ូ១ដុំ ម៉ាស់ និងថវិការមួយចំនួន៕