ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំជាមួយ ឯកឧត្ដមអនុប្រធានគណបក្សខេត្តកំពង់ធំ


នាថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិលសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ, បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំជាមួយ ឯកឧត្ដមអនុប្រធានគណបក្សខេត្តកំពង់ធំ និងជាប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍ ប្រធានគណបក្សឃុំបល្ល័ង្គ លោកប្រធានភូមិយាយទៀង និងភូមិបល្ល័ង្គ នៅគេហដ្ឋាន ឯកឧត្ដមបណ្ឌិត ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ជាកិច្ចចាប់ផ្ដើមឯកឧត្ដមបណ្ឌិតបានអញ្ជើញមានប្រសាសន៍ស្វាគមន៍និងញ្ជាក់ជូនអង្គប្រជុំយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗគឺ :
-រំលឹកអំពីការងារបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៥ ទៅតាមកាលបរិច្ឆេទរបស់គ.ជ.ប ដែលជាការងារមួយឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ ដែលជាការងារសំខាន់របស់គណបក្សយើង ដើម្បីទទួលបានជ័យជម្នះ ។ ដោយឡែក ក្នុងឃុំបល្ល័ង្គ ស្រុកបារាយណ៍ គឺបានជ្រើសយក២ ការិយាល័យបោះឆ្នោត គឺសាលាបឋមសិក្សាព្រៃស្រង៉ែ ភូមិព្រៃស្រង៉ែ និងសាលាបឋមសិក្សាបល្ល័ង្គស្ថិតក្នុងបរិវេណវត្តបល្ល័ង្គ ភូមិបល្ល័ង្គ ។
-មានប្រសាសន៍លំអិតអំពីការវិវឌ្ឍនៃជំងឺកូវីដ-១៩ ចាប់តាំងពីពេលផ្ទុះឡើងរហូតមកដល់បច្ចុប្បន្ន និងអនុវត្តការងារនេះឲបានហ្មត់ចត់បំផុត ។
-លើកឡើងអំពីការងារគណបក្សសំខាន់ៗសម្រាប់អនុវត្ត ។
-អង្គប្រជុំក៏បានពិភាក្សាបញ្ជាក់ជូនលើចំណុចខ្លះៗដែលគណបក្សថ្នាក់ស្រុកលើកឡើងផងដែរ ។
-ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល តាមរយៈគណបក្សខេត្តកំពង់ធំ បានឧបត្ថម្ភថវិកាមួយចំនួនដើម្បីប្រើប្រាស់សម្រាប់ពលករមកពីព្រំដែនកម្ពុជា-ថៃ ដែលកំពុងធ្វើចត្តាឡីស័កនៅខេត្តកំពង់ធំ៕