ឯកឧត្តម ហ៊ុន ម៉ានី បន្តគាំទ្រដល់យុទ្ធនាការប្រយុទ្ធនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ តាមរយៈការផ្តល់ជំនួយជាបន្តបន្ទាប់ដល់រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺ


នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម​ សំ​ រិទ្ធី​ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ​ និងក្រុមការងារ បានបន្តនាំយកនូវ​សម្ភារៈ​ និងថវិកាមួយចំនួនដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺប្រគល់ជូនដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក មន្ទីរសុខាភិបាល និងឃុំ/សង្កាត់ទូទាំងខេត្តកំពង់ស្ពឺ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និង ការគ្រប់គ្រងការធ្វើចត្តាឡីស័ករបស់បងប្អូនប្រជាពលរដ្ឋដែលទើបវិលត្រលប់មកពីធ្វើការនៅក្រៅប្រទេស ក៏ដូចជាបងប្អូនដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សម្ភារៈដែលបានប្រគល់ជូនជាបន្តបន្ទាប់ទាំងនោះរួមមាន ម៉ាស់ ចំនួន ៦០.៥០០ ជែលលាងដៃ ៥០០ ដប អាល់កុល ១.០០០ លីត្រ សាប៊ូ ២៥.០៥៦ ដុំ ភេសជ្ជៈ ២០០កេស និងទឹកបរិសុទ្ធ ៨០០កេស ព្រមទាំងថវិកាមួយចំនួន។ ជានិច្ចជាកាល ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានដែលកំពុងសស្រាក់សស្រាំប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ដើម្បីការពារអាយុជីវិត និងសុខភាព ប្រជាពលរដ្ឋ។
ជាមួយនោះ ឯកឧត្តម​ ក៏បានផ្តាំផ្ញេីការសាកសួរសុខទុក្ខ​ និងការថ្លែងអំណរគុណ ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមអ្នកតំណាងរាស្រ្តទាំងអស់ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ដែល កំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងការគ្រប់គ្រងការធ្វើចត្តាឡីស័ករបស់បងប្អូនប្រជាពលរដ្ឋដែលទើបត្រលប់មកពីក្រៅប្រទេស និងអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។