អភិបាលខេត្តកំពង់ចាម រួមជាមួយឯកឧត្តអភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំដោះស្រាយ និងឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋរស់នៅឃុំកោះអណ្តែត និងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ លើកិច្ចការងារស្តារ និងជួសជុលច្រាំងទន្លេមេគង្គដែលបានបាក់ស្រុត


នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយឯកឧត្តអភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំដោះស្រាយ និងឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋរស់នៅឃុំកោះអណ្តែត និងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ លើកិច្ចការងារស្តារ និងជួសជុលច្រាំងទន្លេមេគង្គដែលបានបាក់ស្រុតអស់រយៈពេល២ឆ្នាំកន្លងទៅ ដែលជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់លំនៅដ្ឋាន និងដីចំការ បស់បងប្អូនប្រជាជនជាច្រើនហិកតា។ កិច្ចប្រជុំនេះមានការអញ្ជើញ ឯកឧត្តមអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
ដើម្បីពន្លឿនដល់ការងារខាងលើឲ្យមានប្រសិទ្ធិភាព និងបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខាងលើនេះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានជំរុញមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការ ជាមួយដៃគូ ក្រុមហ៊ុនឯកជន មួយ សម្រាប់ធ្វើការបូម យកខ្សាច់ និងដី ពីតំបន់កោះតូច ដោយក្រុមហ៊ុនត្រូវអនុវត្តទៅតាម គម្រោងផែនការកន្លងមកដែលខាងក្រុមហ៊ុន ទទួលខុសត្រូវ ការងារស្ថាបនា ក្នុងការទប់ស្កាត់ ការបាក់ស្រុតច្រាំងទន្លេនេះ ដោយប្រើប្រាស់ បាវខ្នាតយក្ស ( GEO-TEXTILE) សម្រាប់ច្រកដីខ្សាច់ដូច នេះគឺជាវិធានការរបស់ក្រសួង ធនធានទឹក និងឧតុនិយម ដែលធ្លាប់អនុវត្តជាច្រើនកន្លែងហើយ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងអំពីសារសំខាន់ នៃការបូមយកដី និងខ្សាច់ ពីតំបន់កោះតូចនេះ គឺអាចជួយបញ្ចៀសប្រព័ន្ធទឹកទន្លេងមេគង្គ កុំឲ្យហូរបុកនៃទីកន្លែងដែលកំពុងរងការបាក់ស្រុត និងជួយទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ នៅបរិវេណកន្លែងផ្សេងៗទៀតផងដែរ ហើយដើម្បីចាក់ បំពេញដីតំបន់អភិវឌ្ឍនានា រួមទាំងជួយសម្រួល ដល់ចរាចរណ៍ផ្លូវទឹក និងកុំឲ្យមានការបាក់ស្រុត បន្តទៀត ៕