នាវេលាថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ៥កេីត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២១នេះ លោក ជិន ប៊ុនធឿន នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយរាជធានីភ្នំពេញ រួមនឹងក្រុមការងារ បាននាំយកអង្ករចំនួន៥០០គីឡូក្រាម ទៅប្រគល់ជូនមន្ត្រីនៅមូលដ្ឋានភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បាអំពៅ សម្រាប់ទុកចាត់ចែងចែកជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះនូវការខ្វះខាតក្នុងជីវភាព ជាពិសេសក្នុងអំឡុងពេលដែលប្រទេសកម្ពុជាយេីងកំពុងរងនូវផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។
នាឱកាសនោះ លោក ជិន ប៊ុនធឿន សូមឲ្យលោក លោកស្រី បងប្អូនជាមន្ត្រីបក្សនៅមូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋរបស់យេីងនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសក្នុងអំឡុងពេលប្រទេសជាតិយើងកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩នេះ សូមធ្វើយ៉ាងណាមិនត្រូវទុកឲ្យប្រជាពលរដ្ឋយើងណាម្នាក់ស្លាប់ដោយអត់បាយ ដោយយេីងមិនបានដឹង ហេីយមិនបានដោះស្រាយនោះឡេីយ ។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តរយកចិត្តទុកដាក់ពីសុខភាព គឺត្រូវមានអនាម័យល្អទាំងការរស់នៅ និងការហូបចុក ជាពិសេសសូមចូលរួមបន្តគោរពអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវិធានការការពារជំងឺកូវីដ-១៩ (៣ការពារ-៣កុំ)៖

*១-ពាក់ម៉ាស់
*២-លាងដៃ
*៣-គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី១,៥០ ម៉ែត្រឡើងទៅ)

*១-កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីត្រជាក់ច្រើនពេក
*២-កុំទៅកន្លែងមានមនុស្សច្រើន
*៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម។
ជាមួយគ្នានេះ លោក ជិន ប៊ុនធឿន បានលេីកឡេីងថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធាន មិនបោះបង់ចោលបងប្អូនប្រជាពលរដ្ឋយេីងជាដាច់ខាត គឺនៅរួមសុខ រួមទុក្ខជាមួយបងប្អូនជានិច្ច ៕



















