រាជរដ្ឋាភិកម្ពុជា ទទួលបានជំនួយសប្បុរសធម៌ ១សែនដុល្លារ ពីរាជរដ្ឋាភិបាលថៃ


(ភ្នំពេញ)៖ រាជរដ្ឋាភិកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ទទួលបានជំនួយសប្បុរសធម៌ចំនួន ១សែនដុល្លារអាមេរិក ពីរាជរដ្ឋាភិបាលថៃ។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូលថាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលមូលប្បទានបត្រជាទឹកប្រាក់ចំនួន ១០០.០០០ដុល្លារអាមេរិកនោះ។

ក្រសួងការបរទេស បានបញ្ជាក់ថា ជំនួយនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកដោះស្រាយតម្រូវការចាំបាច់នានាជូនពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័កកូវីដ-១៩ នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ពលករកម្ពុជាដែលបានទៅធ្វើការ និងស្នាក់នៅប្រទេសថៃ។

ការផ្តល់ជំនួយសប្បុរសធម៌នេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ដ៏ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ និងភាពជាអ្នកជិតខាងដ៏ល្អ រវាងប្រទេសទាំងពីរផងដែរ។

សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាករណីសហគមន៍ ២០កុម្ភៈ។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់, កំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់ អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕