សម្តេចតេជោ ហ៊ុន សែន៖ អ្នកចាក់វ៉ាក់សាំងកូវីដ១៩រួច ក៏មិនអាចការពារជំងឺបានទាំងស្រុងដែរ, សូមបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ»


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្នកដែលបានចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ចំនួន២ដង រួចរាល់ហើយនោះ ក៏មិនអាចការពារខ្លួនពីមេរោគនេះ បានទាំងស្រុងដែរ។ តាមរយៈសារសំឡេង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំណូមពរប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកបានចាក់វ៉ាក់សាំងកូវីដ១៩រួចក្តី និងអ្នកមិនទាន់ចាក់វ៉ាក់សាំងក្តី ត្រូវបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ទាំងអស់គ្នាឲ្យបានត្រឹមត្រូវ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសុំស្នើឲ្យអ្នកទាំងអស់គ្នា អនុវត្តវិធានការ ៣កុំ (និង៣ការពារ)។ បើទោះបីជាអ្នកធ្លាប់ចាក់វ៉ាក់សាំងទាំង ២ដូស ក៏មិនត្រូវធ្វេសប្រហែស ត្រូវបន្តអនុវត្តនូវវិធានការ ៣កុំ ដូចគ្នាដែរ បើមិនដូច្នេះទេ វ៉ាក់សាំងមិនអាចការពារបានទាំងស្រុងនោះឡើយ។ វ៉ាក់សាំងគ្រាន់តែជួយកាត់បន្ថយមិនឲ្យមានការឆ្លងតែប៉ុណ្ណោះ»

បន្ថែមលើនេះ ក្នុងតំបន់ដែលមានហានិភ័យ សម្តេចក៏សំណូមពរប្រជាពលរដ្ឋថា បើសិនមិនមានការចាំបាច់ សូមកុំចេញក្រៅឲ្យសោះផ្ទះ។ ប៉ុន្តែសម្តេចបានលើកឡើងថា សម្រាប់អ្នកក្រ និងអ្នកចាំបាច់មួយចំនួនទៀត មិនអាចមិនចេញក្រៅផ្ទះបាននោះទេ ហេតុនេះហើយសម្តេចជំរុញខ្លាំងបំផុតឲ្យពួកគេ ពាក់ម៉ាសឲ្យបានខ្ជាប់ខ្ជួន ហើយការលាងដៃ និងរក្សាគម្លាត ជារឿងចាំបាច់។

សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានរិះគន់ដល់ការថតរូបជាក្រុម ក្នុងនាមទុកជាអនុស្សាវរីយ៍ បន្ទាប់ពីការជួបជុំមួយ។ សម្តេចសង្កត់ធ្ងន់ៗថា គ្រប់គ្នាបានរក្សាគម្លាត និងអនុវត្តវិធានការសុខាភិបាលរាប់ម៉ោង បែរជាត្រូវបំផ្លាញវិញដោយការថតរូប ត្រឹមតែប៉ុន្មាននាទី។

សូមជម្រាបថា ៣កុំ និង៣ការពារ ជាវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ «៣កុំ» មានន័យថា៖ ទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។ ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ ចំណែក«៣ការពារ»គឺ ៖ ទី១៖ ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។ ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ និងទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះជាដើម។

កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាករណីសហគមន៍ ២០កុម្ភៈ។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់, កំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់ អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕