អាជ្ញាធរផ្តល់ស្បៀងអាហារ ជូនអ្នកធ្វើចត្តាឡីស័ក និងណែនាំឲ្យយកចិត្តទុកដាក់ថែទាំសុខភាព និងប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវធ្លាក់ខ្យល់


(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានចុះផ្តល់ស្បៀងអាហារដល់អ្នកធ្វើចត្តាឡីស័ក និងអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាព និងប្រុងប្រយ័ត្នជាមួយគ្រោះអគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុគ្រាដែលរដូវក្តៅ មានខ្យល់បក់ខ្លាំង។

លោក ថេង សុថុល ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមនផងនោះ បានដឹកនាំមន្ត្រីខណ្ឌ ចៅសង្កាត់ ចុះចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងអ្នកធ្វើចត្តាឡីស័កតាមផ្ទះ ចំនួន ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទន្លេបាសាក់ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ។

លោកអភិបាលខណ្ឌចំការមន បានជំរុញឲ្យពលរដ្ឋត្រូវប្រុងប្រយ័ត្ន ចំពោះបញ្ហាអគ្គិភ័យ ដោយនៅមុនពេលចេញពីផ្ទះសូមពិនិត្យមើលភ្លើងចង្ក្រាន ទាន ធូប និងយកចិត្តទុកដាក់ចំពោះចរន្តអគ្គិសនី ចៀសវាងក្រែងភ្លេចដាក់ដាំបាយ ដាំទឹក ទុកចោលជាដើម។

លោកអភិបាលខណ្ឌ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ និងក្នុងរាជធានីភ្នំពេញ រៀបចំវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំចោលសំរាមពាសវាល ពាសកាល ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថានអនាម័យ ប៉ះពាល់សុខភាព ការរស់នៅ ជាពិសេសនៅរដូវវស្សាធ្វើឲ្យសំរាមទាំងនោះចូលស្ទះលូផងដែរ។ លើសពីនេះត្រូវយកចិត្តទុកដាក់ទៅ លើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយអនុវត្តតាមវិធីងាយៗទៅតាមវិធានរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះលោក ថេង សុថុល បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

បន្ទាប់មកពីចែកអំណោយនៅអនុវិទ្យាល័យ សម្តេចសុធារស រួចមក ក្រុមការងារដ្ឋបាលខណ្ឌចំការមន បានបន្តចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងអ្នកកំពុងធ្វើចត្តាឡីស័កតាមលំនៅឋាន។

អំណោយដែលទទួលបានក្នុង ០១គ្រួសារ រួមមាន៖ អង្ករ ចំនួន ០១ប៉ាវ ស្មើនឹង ២០គីឡូក្រាម, មី ចំនួន ០១កេស, ទឹកត្រី ចំនួន ០១យួរ, ទឹកស៊ីអ៉ីវ ចំនួន ០១យួរ, ម៉ាស ចំនួន ១០
និងទឹកបរិសុទ្ធ ចំនួន ០១កេស៕