អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារសព លោកស្រី អ៉ីន ម៉ានីតា ដែលស្លាប់ដោយសារជំងឺកូវីដ១៩


(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បាននាំយកថវិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគលជូនគ្រួសារ នៃសពលោកស្រី អ៉ីន ម៉ានីតា ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ក្នុងឱកាសនោះ លោក ឌី រ័ត្នខេមរុណ បាននាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានសម្ដែងនូវសមាណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និងអាលោះអាល័យជាទីបំផុត និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោកស្រី អ៉ីន ម៉ានីតា បានសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោក ឌី រ័ត្នខេមរុណ បានបន្តទៀតថា សូមកុំមានក្តីបារម្ភអំពីជីវភាពគ្រួសារ ក្នុងនោះ អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើទៅលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ជួយពិនិត្យថែទាំ និងសម្រួលដល់ស្ថានភាពជីវភាពគ្រួសារសព ឲ្យបានសមរម្យផងដែរ។

អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនាំយកទៅប្រគល់ជូនគ្រួសារសព រួមមាន ថវិកា៥,០០០,០០០រៀល និងអង្ករ៤បាវ ស្មើ១០០គីឡូក្រាម ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពយ៉ាងក្រៀមក្រំបំផុត។

គួរជម្រាបថា រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់ហើយបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩

* ទី១៖ បុរសជនជាតិខ្មែរ ឈ្មោះ ឡៅ វណ្ណា មន្រ្តីនគរបាលនៅនាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១
* ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
* ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន មន្រ្តីនគរបាលនៅនាយកដ្ឋានអក្សរសម្ងាត់ ក្រសួងមហាផ្ទៃ អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
* ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា វេជ្ជបណ្ឌិតចូលនិវត្តន៍ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
* ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕