អភិបាលរាជធានីភ្នំពេញ ផ្ដល់ធុងបាញ់ថ្នាំសម្លាប់មេរោគ និងទឹកថ្នាំ ជូនរដ្ឋបាលខណ្ឌទាំង១៤


(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានបន្ដផ្ដល់ធុងបាញ់ថ្នាំសម្លាប់មេរោគ និងទឹកថ្នាំ ព្រមទាំងថវិកាមួយចំនួន ជូនរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីបន្ដប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោក កែ ពន្លក នាយករងរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការផ្ដល់ជូនេះក្នុងមួយខណ្ឌ ទទួលបានធុងបាញ់ថ្នាំសម្លាប់មេរោគ ចំនួន៣គ្រឿង និងទឹកថ្នាំ ព្រមទាំងថវិកាចំនួន១០លានរៀល ដើម្បីជួយសម្រាលការចំណាយដល់អាជ្ញាធរខណ្ឌ ក្នុងកាបង្កើនការយកចិត្តទុកដាក់ ការពារការរាលដាលជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។

គួរជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២៣៧៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៧៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១១៨៦នាក់ ស្លាប់ចំនួន១១នាក់ និង៤នាក់ទៀត ស្លាប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕