លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមបុណ្យសពលោកជំទាវឧកញ៉ា ស៊ុយ សុផាន


ព្រឹកថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព លោកជំទាវឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផានអុីម៉ិច ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៧:៥៥នាទីព្រឹក ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ និងសង្វេគរកទីបំផុតគ្មាន ចំពោះមរណភាពរបស់ លោកជំទាវឧកញ៉ា ស៊ុយ សុផាន ដែលបានបាត់បង់នូវឧត្តមភរិយា ម្ដាយ និងជីដូនដ៏ល្អមួយរូប ប្រកប ដោយ ព្រហ្មវិហារធម៌ ទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាចំពោះ ឯកឧត្តមឧកញ៉ា បុត្រា បុត្រី និងចៅៗ មិនតែប៉ុណ្ណោះទេ ក៏ជាការបាត់បង់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភមួយរូប ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យពុទ្ធចក្រ អាណាចក្រ ក៏ដូចជាការងារមនុស្សធម៌ផងដែរ ។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឧកញ៉ា ស៊ុយ សុផាន សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាត ក្លាយជាបការៈដទៃឡើយ៕