លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក នៅក្រុងតាខ្មៅ


នៅរសៀលថ្ងៃ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គល ស្ថិតនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍២០​កុម្ភៈ​។

លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា នៅបុរីលំនៅដ្ឋាន ទីក្រុងរណប សិរីមង្គល ដែលមានជាប់ពាក់ព័ន្ធផ្ទះល្វែងចំនួន ៥៣៧ល្វែង និងមានប្រជាពលរដ្ឋកំពុងរស់នៅចំនួន ២៤៨ល្វែងដែលមានប្រជាពលរដ្ឋរស់នៅសរុប ៧៥០នាក់។ លោកអភិបាលក្រុង បានបន្ថែមទៀតថា ការដែលឈានដល់បិទជាបណ្ដោះអាសន្ននៅបុរីមួយនេះ បន្ទាប់ពីរកឃើញមានវិជ្ជមានអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន៧នាក់ កាលពីពេលកន្លងទៅនេះ។

សូមបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្រុងតាខ្មៅមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៣នាក់ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលចំនួន ១.៣៥៦នាក់។

មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គល លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអត់ធ្មត់ ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក សូមរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តន៍ឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ការធ្វើចត្តាឡីស័កនេះ គឺជាការបំពេញនូវកាតព្វកិច្ចមួយរបស់យើងឱ្យបានត្រឹមត្រូវ ក្នុងករណីដែលយើងមានវិជ្ជមានជំងឺកូវីដ-១៩ យើងមិនបានទៅចម្លងទៅក្រុមគ្រួសារ សាច់ញាតិ និងទៅអ្នកដទៃឡើយ ហើយការធ្វើចតាឡីស័កនេះ គឺយើងបានបញ្ចប់នូវការសង្ស័យរបស់យើង តើយើងបានឆ្លងជំងឺកូវីដ-១៩ ពីអ្នកដទៃដែរឬទេ៕