តំណាងរាស្ដ្រខេត្ដសៀមរាបប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន៣៣វត្ដ ក្នុងស្រុកពួក ដើម្បីដោះស្រាយចង្ហាន់នៅក្នុងអំឡុងពេលជួបវិបត្ដិជំងឺកូវីដ១៩


សៀមរាប ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១- ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី រួមជាមួយនឹងឯកឧត្ដមលោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន៣៣វត្ដ ក្នុងស្រុកពួក ខេត្តសៀមរាប ដើម្បីជួយដោះស្រាយចង្ហាន់ព្រះសង្ឃ ក្នុងពេលជួបបញ្ហាជំងឺកូវីដ១៩។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រខេត្ដសៀមរាប មានប្រសាសន៍ថា នេះ ជាសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ បើទោះជាមិនបានច្រើន ប៉ុន្តែក៏អាចជួយសម្រាលបន្ទុក និងដោះទ័លដល់ព្រះតេជគុណគ្រប់ព្រះអង្គបានមួយរយៈផងដែរ។ ប៉ុន្តែប្រការសំខាន់ ឯកឧត្តមក៏សូមអំពាវនាវដល់ព្រះតេជគុណគ្រប់ព្រះអង្គ មេត្តាជួយក្រើនរម្លឹកដល់ញាតិញោមពុទ្ធបរិស័ទរបស់យើងគ្រប់ៗគ្នា ឱ្យពង្រឹងនូវការគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្តីពីការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេស វិធានការ៣កុំ និង ៣ការពារ ឱ្យបានម៉ឺងម៉ាត់បំផុត។

សូមបញ្ជាក់ថា ទេយ្យទានដែលត្រូវវេរប្រគេនព្រះសង្ឃទាំង៣៣វត្តនេះ ដោយ ក្នុងមួយវត្តទទួលបាន ថវិកា ៥០ម៉ឺនរៀល អង្ករ៤ការ៉ុង ស្មើនឹង២០០គីឡូក្រាម ស្ករស៥០គីឡូក្រាម អំបិល ៥០គីក្រាម ទឹកបរិសុទ្ធ វីតាល់១កេស ត្រីខ១កេសទឹកដោះគោ១កេស មី១កេស ទឹកត្រី ១យួរ  ទឹកស៊ីអ៊ីវ ១យួរ៕