សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតជូនឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន៦រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍


នាវេលាម៉ោង0៩:00ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតជូនឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីចំនួន៦រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញចេញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសចំនួន៦

ឯកអគ្គរាជទូតថ្មីទាំង៦រូបនោះ មានជាអាទិ៍៖ លោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស ឯកឧត្តម ហោ ណាំបូរ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ឯកឧត្តម ស៊ិន ប៊ុនធឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងឯកឧត្តម ងួន សុខវេង ឯកអគ្គរាជទូត វិសាមញ្ញ និងពេញ សមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារដ្ឋសឹង្ហបុរី។

នាឱកាសនោះ សម្តេចវិបុលសេនាភក្តី បានសម្តែងនូវការអបអរសាទរចំពោះលោកជំទាវ ឯកឧត្តមទាំង៦រូប ដែល​ត្រូវបាន ព្រះករុណា ​ព្រះមហាក្សត្រ តែងតាំងជាឯកអគ្គរាជទូត ប្រចាំប្រទេសទាំង៦នេះ។ ជាមួយគ្នានេះ សម្តេច​បានផ្តាំផ្ញើ ចំពោះ​លោកជំទាវ ឯកឧត្តមទាំង៦រូប ត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ ទំាងវិស័យនយោបាយ ការបរទេស កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ជាដើមសម្តេចភក្តី ក៏បានរំលឹកបន្ថែមទៀតថា នៅពេលបំពេញការងារ លោកជំទាវ ឯកឧត្តម ឯកអគ្គរាជទូតទំាងអស់ សូមគិតពីផលប្រយោជន៍ជាតិជាធំ ការពារផលប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋខ្មែរ ពលករខ្មែរ ដែលរស់នៅ ប្រកបអាជីវកម្ម និងធ្វើការងារនៅប្រទេសដែលឯកឧត្តមទទួលជាតំណាង។ ទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ​ត្រូវបង្កើនកិច្ច​សហប្រ​តិបត្តិការល្អ ជាមួយនឹងឯកអគ្គរដ្ឋទូត រាជទូត នៃបណ្តាប្រទេសដទៃទៀត ប្រចាំនៅប្រទេសដែលលោកជំទាវ ឯកឧត្តមជាតំណាងនៅទីនោះ។
​សម្តេចភក្តី ​ បានផ្តល់អនុសាសន៍សំខាន់ៗ​មួយចំនួនជូនដល់​លោកជំទាវ ឯកឧត្តម ឯកអគ្គរាជទូត​ទំាងអស់ ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយ ពន្យល់អំពីសភាពការណ៍នយោបាយ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ​ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ជូនដល់សាធារណៈមតិជាតិ អន្តរជាតិ ជាពិសេស នៅប្រទេស ដែលកំពុងបំពេញភារកិច្ច។ ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័ស ចំពោះសភាពការណ៍នយោបាយក្រៅប្រទេស ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជាឲ្យ បានកាន់តែច្រើន។

ក្នុងឱកាសសម្តែងការគួរសមនោះ លោកជំទាវ សឿង រដ្ឋចាវី ​ជាតំណាង​ឯកអគ្គរាជទូតទំាងអស់ ​បានប្តេជ្ញា នៅចំពោះមុខ​សម្តេចប្រធាន​ព្រឹទ្ធស​ភា​ថា នឹងខិតខំបំពេញភារកិច្ចជាតំណាង ឲ្យព្រះរាជាណាចក្រកម្ពុជា ​នៅលើឆាកអន្តរជាតិ ទៅ​តាមច្បាប់ដែល​បាន​កំណត់​។
​លោកជំទាវ បានសន្យាថា ឯកអគ្គរាជទូតទំាងអស់ នឹងខិតខំអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចប្រធានព្រឹទ្ធសភា និងខិតខំថែរក្សា ផ្សព្វផ្សាយនូវកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនង សហ ប្រតិបត្តិការជាមួយ​នឹងប្រទេស​ម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេសផ្សេងៗទៀត ​និងខិតខំទាក់ទាញវិនិយោគិន អ្នក​ទេសច​រ ឲ្យមក​កម្ពុជាកាន់តែច្រើន៕