ខេត្តកែបបានឈ្នះពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានទាំង១០ប្រទេស ក្នុងឆ្នាំ២០១៧


ខេត្តកែបបានឈ្នះពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានលើកទី៤ ក្នុងឆ្នាំ២០១៧នេះ ដែលនេះជាមោទនភាពថ្មីមួយសម្រាប់ខេត្តកែប ខណៈពាន នេះបង្កើតឡើងដើម្បីប្រឡងប្រណាំងភាពស្អាត ភាព​បៃ​តង​ នៃទីក្រុងក្នុងបណ្តាប្រទេសសមាជិកអាស៊ានទាំង១០។នេះបើតាម សេចក្តីប្រកាស របស់ ក្រសួងទេសចរណ៍។

ពានកិត្តិយសនេះត្រូវបានប្រគល់ជាផ្លូវការក្រោមការចូលរួមរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ខេត្តកែបទាំងមូលតែម្តង ដែលខេត្តនេះបានរក្សាបាន នូវភាពស្អាត និងបៃតង តាមគោលការណ៍ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត។ ជាមួយគ្នានេះដែរ ប្រធានមន្ទីរបរិស្ថានខេត្តកែប ក៏ឲ្យដឹងផងដែរថា តម្លៃនៃពាននេះមានតម្លៃធំធេង មិនអាចកំណត់បាន ដែលទីក្រុងទាំងអស់សុទ្ធតែចង់បាន។

ជាពិសេសជាងនេះទៅទៀត ពាននេះគឺមាន​​តែមួយសំរាប់ប្រទេសមួយ ហើយវាជាព្រឹត្តិការណ៍ទីផ្សារទេសចរណ៍អាស៊ាន និងពិភពលោក ប្រកប​ដោយ​ភាពជឿជាក់ និងទំនុកចិត្តពីសំណាក់ភ្ញៀវទេសចរណ៍ផងដែរ។

គួរជម្រាបផងដែរថា ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាននេះ ធ្វើឡើង៤ឆ្នាំម្តង ហើយចំពោះវិញ្ញាបនបត្រ តាមមុខវិញ្ញាសារ ដីស្អាត ទឹកស្អាត ឬខ្យល់ស្អាត ២ឆ្នាំមានការប្រឡងប្រណាំងម្តង។