ភ្នំពេញ: ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានគណៈកម្មាធិការកម្ពុជា និងលោកយ៉ាង ជាឈី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានគណៈកម្មាធិការចិន ធ្វើជាសហប្រធានក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៤ ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៧ នៅវិមានសន្តិភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា ទស្សនកិច្ចរបស់លោកយ៉ាង ជាឈី មានសារៈសំខាន់ខ្លាំងណាស់បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ២០១៦ កន្លងមក និងមុនដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសចិន នៅខែឧសភា ខាងមុខនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា លោកយ៉ាង ជាឈី ក៏ចូលរួមធ្វើសហប្រធានកិច្ចប្រជុំគណៈកម្មធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ចិន លើកទី៤នេះដែរ។ ដោយលោកបានលើកឡើងថា ដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ឲ្យកាន់តែស៊ីជម្រៅនិងពង្រឹងមិត្តភាពដ៏ប្រពៃ និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា ចិន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា “ក្នុងឱកាសនេះដែរ យើងបានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ហើយកិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃពព្រះរាជាណាចក្រកម្ពុជា នៅប្រទេសចិនដែរ ដែលនឹងមានឯកសារជាច្រើនដែលនឹងត្រូវចុះហត្ថលេខា និងមានផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ”។
លោកបន្តទៀតថា កិច្ចប្រជុំគណៈកម្មធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ចិន លើកទី៤ នេះ មានសារៈសំខាន់ណាស់ ដោយបានឯកភាពគ្នាលើគ្រប់វិស័យជាច្រើន រួមមានការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរួមមាន ពាណិជ្ជកម្ម ការវិនិយោគ ជំនួយកសិកម្ម និងទេសចរណ៍។ល។ ហើយបានឯកភាពគ្នាលើបញ្ហាសំខាន់ៗដូចជា បញ្ហាសន្តិសុខ កងទ័ព ពាណិជ្ជកម្ម និងជម្រុញអ្នកទេសចរចិនឲ្យមកទស្សនាកម្ពុជាចំនួន ២លាននាក់ ក្នុងឆ្នាំ២០២០។ ជាពិសេសពន្លឿនឲ្យមានការសាងសងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ និងព្រលានយន្តហោះនៅខេត្តសៀមរាបឲ្យបានឆាប់។ កម្ពុជាក៏បានស្នើឲ្យភាគីចិនជួយទិញអង្ករឲ្យបាន ៣០០.០០០តោន ក្នុងឆ្នាំ២០១៨៕