ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការធំៗចំនួន០៤ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងឳកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ


នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមរយៈកម្មវីធីZoom វីដេអូតាមអនឡាញពីចម្ងាញ ជាមួយគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង-ស្រុកទាំង០៧ ដោយដាក់ចេញវិធានការមួយចំនួន ពិសេសធំៗចំនួន០៤ ក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នាឳកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
វិធានការទាំង០៤ធំៗ រួមមាន៖
១.ត្រូវបានហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ជា បណ្តោះអាសន្ន រយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១
២.ត្រូវបានបិទរមណីយដ្ឋានទេសចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ រហូត ដល់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១
៣.ត្រូវបានធ្វើការរឹតត្បិតការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ចន្លោះម៉ោង ២០(ម្ភៃ) ដល់ម៉ោង ៦(ប្រាំមួយ)ព្រឹក 
៤.ត្រូវបានហាមឃាត់ការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬគ្រឿងស្រវឹង ដែលអាចបណ្តាលឱ្យមានការឆ្លងជំងឺកូវីដ-១៩ ក្នុងចន្លោះម៉ោង ២០(ម្ភៃ) ដល់ ម៉ោង ៦(ប្រាំមួយ)ព្រឹក។
តាមរយៈវិធានការនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកឲ្យកងកម្លាំង អាជ្ញាធរ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ រួមសហការគ្នាសម្រេចឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ចូលរួមអនុវត្តតាមវិធានការរដ្ឋបាលខេត្ត ឱ្យបានគ្រប់គ្នា ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសរួមគ្នាបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា តាមវិធាន<<៣កុំ ៣ការពារ>> ដើម្បីខេត្តត្បូងឃ្មុំ និងទូទាំងប្រទេស ជៀសចាកចេញផុតឆ្ងាយ ពីជំងឺកាចសាហាវដ៍អន្តរាយ កូវីដ១៩នេះ៕