ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងារចុះពិនិត្យសំណង់សមិទ្ធផលនានា ដែលកំពុងសាងសង់នៅក្នុងមូលដ្ឋានភូមិបឹងជង្រុកតេជោឈ្នះឈ្នះ


(ខេត្តបន្ទាយមានជ័យ)៖ ក្រោយពេលក្រុមការងារខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី សហការជាមួយក្រុមការងារសាលាខេត្តបន្ទាយមានជ័យ បានដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃជាង២០ឆ្នាំតាមបែបឈ្នះឈ្នះ ប្រជាពលរដ្ឋជាង១២០០គ្រួសារក្នុងតំបន់បឹងជង្រុកបានសម្តែងក្តីរំភើបសប្បាយរីករាយក្រៃលែង ព្រោះពួកគាត់បានទទួលដីកម្មសិទ្ធិស្របច្បាប់ក្នុងបរិវេណដីទំហំ៣០៤ហិកតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីរៀបចំអភិវឌ្ឍមូលដ្ឋានបឹងជង្រុកឱ្យប្រែក្លាយទៅជាទីប្រជុំជនភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ សម្រាប់សម្រួលបម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សកម្មភាពអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធភូមិបឹងជង្រុកតេជោឈ្នះឈ្នះ មានដំណើរការយ៉ាងសស្រាក់សស្រាំជារៀងរាល់ថ្ងៃ ជាក់ស្តែងនាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី បានដឹកនាំក្រុមការងារចុះពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងសាងសង់នៅក្នុងមូលដ្ឋានភូមិបឹងជង្រុកតេជោឈ្នះឈ្នះរួមមាន៖ ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នាក់ការអាវុធហត្ថ ស្នាក់ការភូមិ និងអគារកាកបាទក្រហម ដែលគ្រោងនឹងបញ្ចប់ការសាងសង់នាចុងខែកញ្ញា ឆ្នាំ២០២១ខាងមុខ។ បន្ថែមលើនេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានដឹកនាំក្រុមការងារចុះពិនិត្យសំណង់ផ្ទះលំនៅដ្ឋានប្រភេទវីឡាតឿ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ក្រុមអ្នកតំណាងក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះផងដែរ៕