(ភ្នំពេញ)៖ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានប្រកាសថានឹងដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនរថយក្រុងចំនួន៥ខ្សែទៀតរបស់រដ្ឋបាលរាជធានីនៅពាក់កណ្តាលឆ្នាំ២០១៧នេះស្របពេលដែលនៅក្នុងរាជធានីភ្នំពេញមានខ្សែរថចំនួន៣ខ្សែស្មើនឹង៥៧គ្រឿងបាននឹងកំពុងដំណើរការយ៉ាងមហាញឹក។
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានបង្ហាញពីការដាក់បន្ថែមខ្សែរថរបស់រថយន្តក្រុងខាងលើនេះនៅក្នុងកិច្ចប្រជុំគណៈកម្មការអាជីវកម្មរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញកាលព្រឹកថ្ងៃទី២ខែមេសានេះក្រោមអធិបតីភាពរបស់លោកអភិបាលរាជធានីភ្នំពេញផ្ទាល់។
លោក អ៊ាង សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការសម្រេចបង្កើនសេវារថយន្តក្នុងសាធារណៈចំនួន៥ខ្សែបន្ថែមនេះគឺបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចិននឹងបញ្ជូនរថយន្តក្រុងចំនួន១០០គ្រឿងមកឲ្យសាលារាជធានីភ្នំពេញនៅក្នុងអំឡុងខែមិថុនា ឬខែកក្កដា ឆ្នាំ ២០១៧នេះ។លោកបញ្ជាក់ថា តាមផែនការប្រពន្ធ័ផ្លូវរត់ទាំង៥ខ្សែនេះ គឺទី១. ចេញដំណើរពី ផ្សារធំថ្មី ដល់តំបន់សេដ្ឋកិច្ចពិសេស ទី២. ចេញដំណើរពីគល់ស្ពានព្រះមុន្នីវង្ស ដល់ស្ពានព្រែកព្នៅ ទី៣.ចេញពីចំណតរថយន្តព្រែកលៀប ដល់ផ្សារសេនជូរីផ្លាហ្សា ទី៤. ពីចេញពីគល់ស្ពានមុនីវង្សដល់ វត្តស្លែង និងទី៥. ចេញពីរង្វង់មូលគួចកាណុងដល់ ដល់ស្ពានព្រះមុនីវង្ស។
លោកបន្ថែមថា សេវាដឹកជញ្ជូនទាំង៥ខ្សែនេះ ត្រូវប្រើប្រាស់រថយន្តក្រុងចំនួន១០០គ្រឿង និងមានចំណតរង់ចាំចំនួន៣៦០ចំណត និងស្ថានីយចំណតចំនួន១០កន្លែង។ លោកបន្ថែមទៀតថា ការសម្រេចជ្រើសរើសយកផ្លូវសំខាន់ៗទាំង៥ខ្សែនេះ គឺយោងតាមរការសិក្សា របស់អង្គការចៃការ ដោយមានចំនួនប្រជាពលរដ្ឋរស់នៅច្រើន មានគ្រឹះស្ថានសាធារណៈរបស់ រដ្ឋនិងឯកជន រោងចក្រ បូរី សាលារៀន មន្ទីរពេទ្យនិងផ្សារជាដើម។
គួរបញ្ជាក់ដែរថារហូតមកទល់ពេលនេះនៅរាជធានីភ្នំពេញមានសេវារថយន្តក្រុងសាធារណៈចំនួន៣ខ្សែដែលកំពុងដាក់ឲ្យដំណើរការសាកល្បងក្នុងនោះខ្សែរត់ទី១.ចេញពីម្តុំឬស្សីកែវត្រង់ គីឡូម៉ែត្រលេខ៩ ឆ្ពោះទៅដល់វត្តក្តីតាកុយតាមផ្លូវជាតិលេខ១ ខ្សែទី២. ចេញពីផ្សាររាត្រី ទៅដល់ក្រុងតាខ្មៅខេត្តកណ្តាល និងខ្សែទី៣. ចេញពីផ្សាររាត្រីឆ្ពោះទៅផ្លូវកម្ពុជាទៅ រង្វង់មូលចោមចៅទើបត្រឡប់មក ។
ការពង្រីកសេវារថយន្តក្រុងសាធារណៈរបស់រដ្ឋនេះបានធ្វើឡើងដើម្បី ជំរុញឲ្យប្រជាពលរដ្ឋ ប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរួមហើយកាត់បន្ថយកំណើននៃការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនឯកជន ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតាមដងផ្លូវ៕