អាជ្ញាធរ​រាជធានី គ្រោង​នឹង​កែលំអ រមណីយដ្ឋាន​ទេសចរណ៍​កោះដាច់ អោយ​ក្លាយជា តំបន់​ទាក់ទាញ​


ភ្នំពេញ: ឯកឧត្តមប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា អាជ្ញាធរ​រាជធានី នឹងធ្វើ​ការកែលំអ រមណីយដ្ឋាន​ទេសចរណ៍កោះដាច់ អោយ​ក្លាយជា​តំបន់ទាក់ទាញ និង​មាន​បរិស្ថាន​ល្អ ស្រប​ពេលដែល​សង្កាត់​កោះដាច់ ត្រូវបាន​រាជរដ្ឋាភិបាល សម្រេច​កាត់​បញ្ចូល មកអោយ​រាជធានី​ភ្នំពេញ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

ការបញ្ជាក់​ពី​គម្រោង​បែបនេះ ត្រូវបាន​ ឯកឧត្តម ប៉ា សុជាតិ​វង្ស បង្ហាញ​អោយដឹង ខណៈដែល​លោក និង​មន្ត្រីរដ្ឋបាល​រាជធានី ចុះ​ពិនិត្យមើល​ជាក់ស្តែង នៅលើ​ទីតាំង​រមណី​ដ្ឋា​ន ទេសចរណ៍​កោះដាច់ កាលពី​ព្រឹក​ថ្ងៃទី​១ ឧសភា ពោលគឺ​ក្រោយពី​បញ្ចប់ ពិធី​បើកសម្ពោធ​ដាក់ អោយប្រើ​ប្រាស់ អគារ​រដ្ឋបាល​សង្កាត់ និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កោះដាច់ ។​

​ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍ថា រមណីយដ្ឋាន ទេសចរណ៍​កោះដាច់ ពិតជា​អំណោយផល​ល្អ​ណាស់ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ មក​ទេសចរណ៍ ដើរលេង​កំសាន្ត នៅ​រមណី​ដ្ឋា​ន​នេះ ។ ដូច្នេះ​រមណីយដ្ឋាន ទេសចរណ៍​កោះដាច់ ត្រូវតែមាន​ការកែសម្រួល សោភ័ណភាព អោយ​កាន់តែ​ប្រសើរឡើង ដោយ​ត្រូវ​រៀបចំ​ទុកដាក់ សម្រាម​អោយបាន​ល្អ ហើយ​ការរៀបចំ​គ្រែ​អង្គុយ ខ្យូ​ស ក៏​ត្រូវតែ​រៀបចំ​កែសម្រួល អោយបាន​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ អោយ​កាន់តែ​កើនឡើង ស្រប​ពេលដែល តំបន់​ទេសចរណ៍​មួយ​នេះ កំពុងតែ​ទាក់ទាញ​ភ្ញៀវទេសចរ​នោះ​។​

​ជា​គម្រោង បើតាម​ការ​បង្ហើប​ពី ឯកឧត្តម ប៉ា សុជាតិ ថា អាច​នឹង​ធ្វើជា​ផ្ទះសំណាក់ ដែល​សាងសង់​ពី​កុងតឺន័រ បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់នៅក្នុង​រមណីយដ្ឋាន​នេះថែមទៀត​។​

​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វា បានបញ្ជាក់​អោយដឹងថា តំបន់​ទេសចរណ៍​កោះដាច់ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ទទួលបាន​ភ្ញៀវទេសចរ ប្រមាណ​ជាង ១៥.០០០ នាក់៕