ពិធីបើកជំនួបពាណិជ្ជកម្មដើម្បីលើកកម្ពស់ការអភិេវឌ្ឍវិស័យសូត្រនៅកម្ពុជា


នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្ម បានរៀបចំជំនួបពាណិជ្ជកម្មរវាងវិស័យសូត្រកម្ពុជា ជាមួយសហព័ន្ធសូត្រអន្តរជាតិនៃប្រទេសចិន ដើម្បីផ្តល់ឱកាសជូនតំណាងក្រុមហ៊ុនសូត្រកម្ពុជា និងចិន ធ្វើការផ្លាស់ប្តូរព័ត៌មាន និងដកស្រង់បទពិសោធន៍ល្អៗទៅវិញទៅមក សំដៅជំរុញការអភិវឌ្ឍន៍វិស័យសូត្រប្រណិតរបស់កម្ពុជា។
ពិធីនេះបានប្រព្រឹត្តិឡើង ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមប្រតិភូនៃសហព័ន្ធសូត្រអន្តរជាតិ និងតំណាងក្រុមហ៊ុនសូត្រកម្ពុជា ព្រមទាំងមន្ត្រីរាជការប្រមាណជាង ៥០រូប។
នៅក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនភ្ញៀវកិត្តិយសពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍវិស័យសូត្រប្រណិត តាមរយៈគម្រោងពិពិធកម្ម និងពង្រីកការនាំចេញ ដំណាក់កាលទី១ (CEDEP 1) នៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) និងការបង្កើតគណៈកម្មការសូត្រជាតិ ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍សូត្រជាតិ ឆ្នាំ ២០១៦ – ២០១២០។
“គម្រោងនេះ បានជួយពង្រឹងសមត្ថភាពផលិតករសូត្រកម្ពុជា ទាក់ទិនវិធីសាស្ត្រពិនិត្យគុណភាពសរសៃសូត្រ, ការរចនាម៉ូតផលិតផល, ការរៀបចំផែនការ និងយុទ្ធសាស្ត្រទីផ្សារ, ការទំនាក់ទំនងជាមួយអតិថិជន, ការដោះស្រាយបញ្ហាផ្នែកបញ្ជាទិញ និងការចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ” ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់។
“បច្ចុប្បន្ន គណៈកម្មការសូត្រជាតិរបស់យើង កំពុងប្រើប្រាស់យុទ្ធសាស្ត្រនេះ ធ្វើជាផែនទីបង្ហាញផ្លូវ ដើម្បីកៀងគរជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសបន្ថែមពីលេខាធិការដ្ឋាន EIF និងដៃគូអភិវឌ្ឍន៍អន្តរជាតិផ្សេងៗ សំដៅអភិវឌ្ឍន៍ចង្វាក់តម្លៃសូត្រប្រណិតរបស់កម្ពុជា និងគាំទ្រប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតសូត្រកម្ពុជាទាំង ១៤” ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែម។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) បានឲ្យដឹងថា ការផលិតវត្ថុធាតុដើមពីសូត្រក្នុងមួយឆ្នាំ គិតជាមធ្យមមានចំនួន ៨០ពាន់តោន ហើយនៅក្នុងនោះសរសៃសូត្រជាង ៧០% មានប្រភពមកពីប្រទសចិន។ ពាណិជ្ជកម្មសូត្រសាកល ត្រូវបានគេប៉ាន់ស្មានមានតម្លៃប្រមាណ ២៥ពាន់លានដុល្លារ។ នៅក្នុងប្រទេសកម្ពុជា សូត្រត្រូវបានចាត់ទុកជាផលិតផលអទិភាពដែលមានសក្តានុពលនាំចេញ ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា CTIS ឆ្នាំ២០០៧ និងឆ្នាំ២០១៤ ដែលបានផ្តល់ការងារ និងប្រាក់ចំណូលជូនអ្នកតម្បាញជាស្ត្រីភាគច្រើននៅជនបទ ប្រមាណជា ២ម៉ឺននាក់៕