(ត្បូងឃ្មុំ)៖ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានចាត់ឲ្យឯកឧត្តម ម៉ូត យូសុះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយអាហារស្រាយបួសខែរ៉ាម៉ាឌន ជូនគ្រួសារសាសនិកឥស្លាមចំនួន ៤៨៩គ្រួសារ ស្ថិតនៅក្នុងភូមិចំនួន៣ ក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ូត យូសុះ បាននាំនូវសាឡាមផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជូនបងប្អូនដោយក្តីនឹករលឹកបំផុត និងបានផ្តាំផ្ញើឲ្យបងប្អូនខិតខំអនុវត្តឲ្យបាន នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល គឺបីកុំ និងបីការពារ ក៏ដូចជាវិធានការពារផ្សេងៗ របស់ក្រសួងសុខាភិបាល និងសូមទៅចាក់វ៉ាកសាំងការពារឲ្យបានគ្រប់ៗគ្នាតាមការកំណត់។
អំណោយទាំងនេះ ជាការឧបត្ថម្ភរបស់ សមាគម Hasene នៃប្រទេសតួកគី តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) សហការជាមួយសមាគមយុវជនមុស្លិមកម្ពុជា (CMYA)។ ក្នុងមួយកញ្ចប់អាហារមាន អង្ករ ២០គីឡូក្រាម, ស្ករស ២គីឡូក្រាម, ប្រេងឆា ២លីត្រ, ទឹកដោះគោ ៤កំប៉ុង, មី ១០កញ្ចប់, អំបិល ១គីឡូក្រាម និងផ្លែលម៉ើ ០.៥គីឡូក្រាម៕