ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញចូលរួមសន្និសីទផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា


គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍
ចូលរួមសន្និសីទផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា “Cambodia Tourism Roadshow”
ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នៅសណ្ឋាគារ ANA InterContinental Hotel, Tokyo, Japan
ក្រសួងទេសចរណ៍ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងដោយបានការចូលរួមគាំទ្រពីស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសជប៉ុន ទីភ្នាក់ងារទេសចរណ៍ជាតិជប៉ុន មជ្ឃមណ្ឌលអាស៊ាន-ជប៉ុន ស្ថានតំណាងក្រសួងទេសចរណ៍ កម្ពុជាប្រចាំប្រទេសជប៉ុន សមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA និងផ្នែកឯកជនផ្សេងទៀតក្នុងឧស្សាហកម្មទេសចរណ៍និងឧស្សាហកមមធ្វើដំណើរ ជាអាទិ ក្រុមហ៊ុនអាកាសចរណ៍ ANA SCA សណ្ឋាគារសុខា រមនីយដ្ឋានទេសចរណ៍ vKirirum ។ល។បានរៀបចំ សន្និសីទផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា “Cambodia Tourism Roadshow”នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពី លោកជំទាវ ជាត គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក. Akihiko Tamura អគ្គលេខាធិការ ស្ថាប័នទេសចរណ៍ជាតិ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។​
​នៅក្នុងសន្និសីទផ្សព្វផ្សាយ “Cambodia Tourism Roadshow” មានការធ្វើបទបង្ហាញផ្សេងៗ អំពីការអភិវឌ្ឍ និងការរីកចំរើនវិស័យទេសចរណ៍ ផលិតផលនិងសេវាកម្ម ព្រមទាំងសក្ដានុពលវិនិយោគនៅកម្ពុជាជូនដល់ធុរៈជន ចំនួន ២០០នាក់ មកពី១៥០ក្រុមហ៊ុន ពាក់ព័ន្ធវិស័យទេសចរណ៍និងការដឹកជញ្ជូន។ សន្និសីទនេះជាឱកាសចំពោះប្រតិបត្តិករ និងទីភ្នាក់ងារទេសចរណ៍ ជប៉ុន-កម្ពុជា ជួបជុំផ្លាស់ប្ដូរបទពិសោធន៍ និងធ្វើធុរៈកិច្ចជាដៃគូជាមួយគ្នា។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានថ្លែងទៅកាន់ធុរៈជន អ្នកសារព័ត៌មានដែលបានចូលរួមថាៈ ការរៀបចំសន្និសីទនេះជាពេលវេលាដ៏សមស្របក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា បន្ទាប់ពីមានការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) រវាងទីក្រុងតូក្យូ និងភ្នំពេញ។ ការតភ្ជាប់ផ្លូវអាកាសនេះបានជួយជំរុញអោយមាន លំហូរទេសចរ និងអ្នកវិនិយោគទុនជប៉ុនមានការកើនឡើង និងរមចំណែកដល់ការពង្រីក​ការប្រាស្រ័យទាក់ទងកាន់តែជិតស្និទ្ធរវាងប្រជាជនប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលកម្ពុជា បាននិង​កំពុងបន្ត​អភិ​វឌ្ឍ​​​វិស័យទេសចរណ៍​ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិប្រកប​ដោយភាពទាក់ទាញ រួមជា​​មួយ​និងការខិតខំ កសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍផលិតផល​ទេសចរណ៍ថ្មីៗ និងការធ្វើអោយ​ប្រសើរឡើងនូវគុណភាព សេវាកម្មទេសចរណ៍ ព្រមទាំងបង្កើនផ្សព្វផ្សាយពីគោលដៅទេសចរណ៍​ថ្មីៗ​បន្ថែមទៀត ជាពិសេសតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតក្នុងពិភពលោកនិងតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ។
ក្នុងពិធីនេះក៏មានរៀបចំពិធីសំែដងទស្សនិយភាពសិល្បះដោយក្រុមសិល្បះរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បះនិងការរៀបចំលៀងសាយភោជន៏ផងដែរ។
​គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៥លាននាក់​ កើនឡើង៥% ក្នុងនោះទេសចរជប៉ុនមានចំនួន ជិត២០ម៉ឺននាក់ ហើយនៅក្នុងរយៈពេល០២ខែ​ដើម​ឆ្នាំ ២០១៧ កម្ពុជាទទួលបានទេសចរ​អន្តរជាតិ​​ចំនួន ១,៣ ​លាននាក់ ព្រមជាមួយទេសចរជប៉ុន​ចំនួន​ ជាង៤ម៉ឺននាក់ កើនឡើង​១៤%​ ព្រមជាមួយនោះ ទេសចរកម្ពុជាក៏បានទៅទស្សនាជប៉ុន ចំនួន ១ម៉ឺន ២ពាន់នាក់ ផងដែរក្នុងឆ្នាំ ២០១៦។ ក្នុងឆ្នាំ២០១៧ កម្ពុជានឹងទទួល​បានទេសចរ​អន្តរជាតិ​ប្រមាណ ៥,៤លាននាក់ និងឆ្នាំ២០២០ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ដោយក្នុងនោះរំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណ ៣៥ម៉ឺននាក់។