អភិបាលខេត្តកំពត ជំរុញការអនុវត្តគម្រោង កែលម្អសោភ័ណភាព និងពង្រីក សួនច្បារមាត់ព្រែក ខណ:ចាប់ផ្តើមភ្លៀងធ្លាក់ខ្លាំងនៅរដូវវស្សា ហើយខ្លាចជនលិច


(កំពត)៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យ និងជំរុញការអនុវត្តគម្រោង កែលម្អសោភ័ណភាព និងពង្រីកសួនច្បារមាត់ព្រែកកំពង់បាយកំពត ខណ:ចាប់ផ្តើមភ្លៀងធ្លាក់ខ្លាំង នៅរដូវវស្សា ហើយខ្លាចមានការជនលិច នៅលើភូមិសាស្ត្រនៃសង្កាត់កំពង់បាយ ក្រុងកំពត។

ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ត ជាវ តាយ បានលើកបញ្ជាក់ថា គម្រោងពាក់ព័ន្ធស្ដាមាត់ព្រែកកំពតរបស់ ADB ដែលស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត គឺជាគម្រោង របស់រដ្ឋបាលខេត្ត និងគម្រោងស្តារនិងពង្រីកប្រព័ន្ធលូ ប្រឡាយដោះទឹក គឺជាគម្រោងរបស់( ADB ) ដែលគម្រោងទាំងពីរខាងលើនេះ បច្ចុប្បន្នបាននិងកំពុងតែអនុវត្ត ប៉ុន្តែមានភាពយឺតយ៉ាវ ដោយសារមានការកែសម្រួលប្លង់ប្រព័ន្ធលូដោះទឹករបស់គម្រោង (ADB)។

ឯកឧត្តម  ជាវ តាយ បន្តថា «កាលពីឆ្នាំមុនស្របពេលដែលខេត្តជាច្រើន បានជនលិចនោះ ចំពោះខេត្តកំពតវិញ មិនមានការជនលិចទេ ប៉ុន្តែឆ្នាំនេះ យើងទាំងអស់គ្នា នៅតែព្រួយបារម្ភ និងបានរិះរកគ្រប់វិធីថាត្រូវធ្វើយ៉ាងណា ដើម្បីកែប្រែប្រវត្តិក្រុងកំពត ដែលតែងតែលិចនៅរដូវភ្លៀងមកដល់ម្ដងៗ ឲ្យលែងមានលិចទឹកនៅរដូវវស្សារទៀត»

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្នុងក្រុង ធ្វើឲ្យលោកមានការព្រួបារម្ភ ដល់ប្រព័ន្ធផ្លូវ និងលូដោះទឹក ដែលជាបញ្ហាសំខាន់ ក្នុងការបញ្ចៀសការជន់លិចក្រុង ដែលនាំឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ ជីវភាពរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ។

ស្របជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំ និងជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរ រួមនឹងមន្ត្រីអនុវត្តគម្រោង (ADB) ក្នុងជំហានបន្ទាន់នេះ ត្រូវធ្វើយ៉ាងណារួមសហការគ្នា សិក្សាលើគម្រោងស្ដារព្រែកធម្មជាតិមួយខ្សែ ដែលមានប្រវែង ជាង២០០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់កណ្ដាល នៃក្រុងកំពត ឲ្យបានចប់មុនរដូវភ្លៀងធ្លាក់ ព្រោះព្រែកធម្មជាតិនេះ គឺជាផ្លូវដោះទឹកចេញពីក្រុងយ៉ាងសំខាន់ ទាំងផ្នែកខាងកើត និងខាងត្បូង។

ដោយឡែកសម្រាប់គម្រោងអភិវឌ្ឍកែលម្អសួនច្បារ ប្រវែងប្រមាណ ៦០០ម៉ែត្រ មានទទឹងពង្រីកបន្ថែមពី១២ ទៅ ២០ម៉ែត្រ តាមដងព្រែក ពីចំណុចខាងត្បូងក្បាលស្ពានថ្មី ដល់ក្បាលស្ពានឥន្ទធនូ(ស្ពានចាស់) ដែលជាគម្រោងរបស់រដ្ឋបាលខេត្ត អាចនឹងមានភាពយឺតយ៉ាវ ដោយសារជាប់ពាក់ព័ន្ធនឹងគម្រោង ADB លើប្រព័ន្ធលូដោះទឹកនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យពន្លឿននៃគម្រោងនេះផងដែរ៕