ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរៀបចំបញ្ជាគ្រឿងចក្រកាយរំដោះទឹកចូលទៅក្នុងប្រព័ន្ធប្រឡាយរំដោះទឹកជុំវិញតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះ


(ខេត្តបន្ទាយមានជ័យ)៖ បន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា បានបង្កឱ្យមានជំនន់ទឹកភ្លៀងជន់លិចប្រឡាយបង្ហូរទឹកក្នុងតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះ និងតំបន់ជុំវិញមួយចំនួនទៀតក្នុងភូមិសាស្រ្តឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារដឹកនាំដោះស្រាយវិវាទ និងអភិវឌ្ឍតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ រួមជាមួយលោក យ៉ាង គីមហ៊ុយ លោក ស្វាយ ជា និងក្រុមការងារបានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជាក់ស្តែង និងរៀបចំបញ្ជាគ្រឿងចក្រកាយរំដោះជំនន់ទឹកភ្លៀងទាំងនេះឱ្យហូរចូលទៅក្នុងប្រព័ន្ធប្រឡាយរំដោះទឹកដែលបានសិក្សា និងរៀបចំត្រៀមរួចជាស្រេច ដើម្បីបញ្ចៀសការជន់លិចក្នុងតំបន់អភិវឌ្ឍ បឹងជង្រុកតេជោឈ្នះឈ្នះ និងទីតាំងជុំវិញ ក៏ដូចជាការជួយសង្គ្រោះផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសការរាំងស្ទះដល់ដំណើរការអភិវឌ្ឍក្នុងតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋ ។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារដឹកនាំដោះស្រាយវិវាទ និងអភិវឌ្ឍតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ បានបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីថ្ងៃដែលក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលដឹកនាំដោយឯកឧត្តមផ្ទាល់ និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យបានធ្វើដំណើរចូលមកកាន់តំបន់បឹងជង្រុកនេះផ្ទាល់កាលពីចុងខែតុលា ឆ្នាំ២០២០កន្លងទៅ ក្រុមការងារបានចាប់អារម្មណ៍ខ្ពស់ចំពោះបញ្ហាទឹកជំនន់ជន់លិច ព្រោះកាលនោះក្រុមការងារត្រូវធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់ទឹកជំនន់ហូរកាត់ផ្លូវត្រឹមជង្កេះ កន្លែងខ្លះជ្រៅរហូតត្រឹមទ្រូង ត្រឹមក រហូតកន្លែងខ្លះក្រុមការងារត្រូវហែលឆ្លង ដើម្បីបានចូលមកស្វែងយល់ផ្ទាល់ និងដោះស្រាយវិវាទរ៉ាំរ៉ៃជូនបងប្អូននៅតំបន់បឹងជង្រុកនេះ។ ដោយការសិក្សាលំអិតអំពីភូមិសាស្ត្រ និងស្ថានភាពទឹកជំនន់ក្នុងតំបន់នេះ ទើបក្រុមការងារបានសម្រេចរៀបចំប្រព័ន្ធប្រឡាយរំដោះទឹកដែលមានប្រសិទ្ធភាពខ្ពស់ និងមានសារៈសំខាន់ចាំបាច់បំផុតនៅជុំវិញតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះទំហំ៣០៤ហិកតានេះ ព្រោះប្រព័ន្ធប្រឡាយរំដោះទឹកនេះ មិនមែនត្រឹមតែប្រព័ន្ធប្រឡាយរំដោះទឹកជំនន់មួយមុខនោះទេ គឺប្រព័ន្ធប្រឡាយរំដោះទឹកនេះក៏អាចក្លាយទៅជាកន្លែងរក្សាទឹកសម្រាប់តម្រូវការប្រព័ន្ធស្រោចស្រប់ និងជាប្រភពផ្តល់ផលនេសាទលក្ខណៈគ្រួសារប្រចាំថ្ងៃដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕