ឯកឧត្តម ស៊ុយ សែម អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលា សម្ពោធបើកការដ្ឋានសាងសង់រោងចក្រចំរាញ់ប្រេងកាតក្រោម


នាព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល សម្រាប់អាណត្តិឆ្នាំ ២០១៣-២០១៨នេះ ក្រសួងរ៉ែ និងថាមពលមានបេសកកម្មយ៉ាងធំធេង ក្នុងការបង្កើតនូវសមិទ្ធផលថ្មីៗថែមទៀត ក្នុងវិស័យសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម តាមរយៈការជំរុញប្រើប្រាស់ឲ្យអស់លទ្ធភាពនៃសក្តានុពលរបស់វិស័យឧស្សាហកម្មនិស្សារណកម្ម ដូចជា ការធ្វើអាជីវកម្ម ផលិតកម្មរ៉ែ ប្រេងកាត និងឧស្ម័ន ការពួតផ្គុំកំលាំងគ្នារវាងវិស័យថាមពល រ៉ែ ប្រេងកាត និងឧស្ម័ន ព្រមទាំងការអភិវឌ្ឍវិស័យអគ្គិសនីជនបទ ការជំរុញពិពិធកម្មប្រភពថាមពល និងការពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាផ្គត់ផ្គង់អគ្គិសនី មានថ្លៃសមរម្យឲ្យបានដល់ប្រជាជនយើងទាំងអស់គ្នា។
ក្នុងឆ្នាំ២០១៥ កន្លងទៅនេះ ការប្រើប្រាស់ប្រេងឥន្ធនៈសរុបមានចំនួន១.៨ លានតោន គឺកើនឡើង ៦.៧% ធៀបឆ្នាំ២០១៤ ក្នុងនោះប្រេងម៉ាស៊ូតកើន ៩.៣% ប្រេងសាំងកើន ៥.៦% និងឧស្ម័នឥន្ធនៈកើន (LPG) ៦% ដែលឆ្លុះបញ្ចាំងឲ្យឃើញថា តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនឹងបន្តកើនឡើងនៅឆ្នាំបន្ទាប់ទៀត ជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសយើង។
បច្ចុប្បន្ននេះ ប្រទេសយើងនាំចូលប្រេង និងឧស្ម័នឥន្ធនៈពីបរទេស ១០០% តាមរយៈក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិចំនួន ១៤ ដើម្បីធ្វើការលក់ចែកចាយនៅទូទាំងប្រទេស។
ក្នុងការសាងសង់នេះ ចែកចេញជាពីរដំណាក់កាល ដោយប្រើប្រាស់ប្រព័ន្ធខ្សែសង្វាក់ផលិតកម្មថ្មីទំនើប និងដើមទុនសរុបប្រហែល ១,៦២០ លានដុល្លារអាមេរិក។ ដំណាក់កាលទី១ នឹងចាប់ផ្តើមសាងសង់នៅពេលនេះ និងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០១៩ ដែលមានសមត្ថភាពផលិត ២ លានតោនក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២២ ដែលមានសមត្ថភាពផលិត ៣ លានតោនក្នុងមួយឆ្នាំ។