ឯកឧត្តម អ៊ុន ចាន់​ដា លើក​ទឹកចិត្ត​ ដល់ក្រុមគ្រូពេទ្យ​ ត្រូវ​សាមគ្គីគ្នា ក្នុង​យុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជម្ងឺ​កូ​វីដ ១៩ ដើម្បី​ កាត់ផ្តាច់​ខ្សែចម្លង​វីរុស​មួយ​នេះ​ ខណៈដែលតួលេខអ្នកជម្ងឺនេះ នៅក្នុងខេត្ត បន្តហក់ឡើងខ្ពស់


ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​ នៃ​គណ​អភិបាល ខេត្ត​កំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ បានលើក​ទឹកចិត្ត​ ដល់ក្រុមគ្រូពេទ្យ​ ត្រូវ​សាមគ្គីគ្នា ក្នុង​យុទ្ធនាការ ការទប់ស្កាត់បង្ការជម្ងឺ​កូ​វីដ ១៩ ដើម្បី​ កាត់ផ្តាច់​ខ្សែចម្លង​វីរុស​មួយ​នេះ​ ខណៈដែលតួលេខអ្នកជម្ងឺនេះ នៅក្នុងខេត្តកំពង់ចាម បន្តហក់ឡើងខ្ពស់ ។ ថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសដោនឯកឧត្តមរួមជាមួយនឹង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តអមដំណើរ ដោយឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន អញ្ជើញ សំណេះសំណាល និងចុះ សួរសុខទុក្ខ ក្រុមគ្រូពេទ្យ កងយោធពលខេមរភូមិន្ទ ចាក់វ៉ាក់សាំង កូវីដ-១៩ នៅមន្ទីរពេទ្យយោធភូមិភាគទី២ (7D) ក្នុងភូមិអំពិលក្រោម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ ។
ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា មកដល់ថ្ងៃនេះ តួលេខ​អ្នកជម្ងឺ​កូ​វីដ ១៩ នៅ​ខេត្តកំពង់ចាម​ បានឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភ​: បាន​ហក់​ឡើង​ចំនួន ៣០៧នាក់​ ដែលជាតួលេខខ្ពស់ បន្ទាប់ពីបាន​រកឃើញ​កម្មករ កម្មការិនី ប្រមាណ ៥២ នាក់​បន្ថែមទៀត កាលពីថ្ងៃទី ១៩ ឧសភា ទៅនោះ ។ ​ឯកឧត្តមអភិបាល ខេត្តកំពង់ចាម បាន​ថ្លែងថា នៅ​ចំពោះមុខ​ យើង​បាន និង​កំពុង​ស្វែងរក អ្នក​ប៉ះពាល់​ផ្ទាល់ ជាមួយនឹង​អ្នកជំងឺ​នេះ​ចំនួន ៥២នាក់​ បន្តទៀត ដើម្បី​ យក​សំណាក​ពួកគាត់មក​ធ្វើតេស្ត​រហ័ស គឺ​ប្រមូល​កុំឱ្យ​ចម្លង​ចូល ដល់​ក្នុង​សហគមន៍​ បន្តទៀត ។ ទន្ទឹមនឹងនោះ មកដល់ពេលនេះ យើង​បាន​ចាត់វិធានការ បិទ​ផ្អាក​ផលិតកម្ម ជា​បណ្តោះអាសន្ន នូវ​រោងចក្រ​កាត់ដេរ ចំនួន ៤កន្លែង ដែល​កំពុង​ប៉ះពាល់​នឹង​ជម្ងឺ​កូ​វីដ ១៩​ ។​

​ក្នុងឱកាស​នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំអំណោយ របស់រដ្ឋបាលខេត្ត​កំពង់ចាម ផ្តល់ជូន​ក្រុមគ្រូពេទ្យ​ចាក់ វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ ១៩ ចំនួន ១៨៤នាក់ ម្នាក់​ៗទទួលបាន​÷ អង្ករ ២៥ គីឡូក្រាម មី ១កេស ត្រីខ ១យួរ និង​ថវិកា ៥០.០០០ រៀល​ ។ ផ្តល់ជូន​ខាង​មន្ទីរពេទ្យ ភូមិភាគ​២ ចំនួន​ ១០.០០០​ម៉ាស់ និង​ជែ​ល​លាងដៃ ៥០កាន ផងដែរ ៕