សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវានៅការដ្ឋានទី១ នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវានៅការដ្ឋានទី១ នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កិច្ចដំណើរការដ្ឋានទី២នៅឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល និងការដ្ឋានទី៣ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ កិច្ចប្រជុំនេះបានធ្វើឡើងតាមប្រព័ន្ធវីដេអូZoom។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកមជ្ឃមណ្ឌលជាតិ សម្រាប់កងកម្លាំងរក្សាសន្ដិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស្វយ័តកំពង់ផែភ្នំពេញ ព្រមទាំងឯកឧត្តមអស់លោកជាជាសមាជិកក្រុមការងារអន្តរក្រសួង ។

អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យោងតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ត្រូវប្រមូលយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាទាំងអស់ចេញពីបាតទន្លេមេង្គ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ អ្នកនេសាទ និងអ្នកប្រកបអាជីវកម្មផ្សេងៗតាមដងទន្លេមេង្គ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង បានធ្វើសេចក្តីរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្កប្រជុំ អំពីលទ្ធនៃការបិទបញ្ចប់ការងារនៅការដ្ឋានទី១នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលចាប់ផ្ដើមពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ប្រកបដោយជោគជ័យ ទាំងកិច្ចសហការល្អ និងសុវត្ថិភាពខ្ពស់បំផុត ដោយក្រុមការងារស្រង់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានជាង១៦តោន និងសម្ភារសឹកមួយចំនួនទៀត ។

ដោយឡែកនៅការដ្ឋានទី២ និងទី៣វិញ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បាន​បន្តថាការងារអនុវត្តនៅការដ្ឋានទាំងពីរនេះ បានប្រព្រឹត្តទៅតាមស្មារតីនៃផែនការដែលបានគ្រោងទុក ដោយរហូតដល់ពេលនេះ កិច្ចប្រតិបត្តិការនៅការដ្ឋានទី២ កំពុងអនុវត្តយ៉ាងសកម្ម និងថាបើទោះបីមានការយឺតយ៉ាវខ្លះៗ ប៉ុន្ដែក្រុមការងារនៅតែអាចបន្ដប្រតិបត្តិការជាប្រក្រតី ខណៈការដ្ឋានទី៣ ដែលចាប់ផ្ដើមពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១មកនោះ ក្រុមការងារក៏បានបន្តភារកិច្ចដោយមានកិច្ចសហការល្អជាមួយកំពង់ផែស្វយ័តភ្នំពេញ ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងការកោតសរសើរដល់ក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងបេសកកកម្មបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាក្រោមបាតទន្លេមេង្គ ។ សម្ដេចក្រឡាហោមបានបង្ហាញការកត់សំគាល់ថា រហូតមកដល់ពេលនេះ ដ្បិតថាការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោម និងស្រង់នាវាពីបាតទន្លេមេង្គ មិនទាន់បញ្ចប់ទាំងស្រុង ប៉ុន្ដែកំពុងទទួលបានជោគជ័យ និងមានលទ្ធផលល្អជាបន្តបន្ទាប់ជាមួយក្ដីសង្ឃឹមជឿជាក់ថាបេសកម្មនេះនឹងឈានទៅបញ្ចប់នាពេលខាងមុខ ៕